(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ក៏ដូចជាចូលរួមកសាងគណៈមេធាវីឱ្យកាន់តែរឹងមាំ និងជំរុញនូវការយកច្បាប់មកអនុវត្តឱ្យបានកាន់តែច្រើនជាងមុន។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កេតឃើញថាសម្រាប់កម្ពុជា ការកសាងនីតិរដ្ឋមានការលំបាកច្រើន មិនមែនព្រោះតែកម្ពុជាខ្វះអ្នកច្បាប់នោះទេ ប៉ុន្តែអ្នកដែលអាចយល់ដឹងអំពីច្បាប់ទម្លាប់នៅមានកម្រិតនៅឡើយ ពីព្រោះសង្គមកម្ពុជាគឺជាសង្គមមួយដែលទើបតែងើបចេញផុតពីផេះផង់នៃសង្គ្រាម។

ទាក់ទិននឹងវិស័យដីធ្លី លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅកម្ពុជានៅសល់ត្រឹមតែប្រមាណ ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរ។

លោករដ្ឋមន្ត្រី បានបន្តថា ដោយឡែកបញ្ហាវិវាទដីធ្លី មានមេធាវីស្ម័គ្រចិត្តជាច្រើនបានចូលរួមក្នុងការជួយដោះស្រាយវិវាទដែលនៅសេសសល់ប្រមាណ ៥០០ករណីទៀត ដោយក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវីអាចពិចារណាចូលរួមជួយដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ទាំងនេះ ដើម្បីបង្កើនល្បឿនបញ្ចប់ភាពសៅហ្មងចម្រូងចម្រាស់ក្នុងសង្គមជាតិអោយបានឆាប់រហ័ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើដល់គណៈមេធាវីពិចារណាលើតួនាទីភារកិច្ចរបស់មេធាវី និងសាការី ក្នុងពេលមានការទិញលក់អចលនទ្រព្យ ព្រមទាំងបានស្នើឱ្យគណៈមេធាវីចូលរួមក្នុងការតាក់តែងលិខិតបទដ្ឋាននានា និងផ្សព្វផ្សាយច្បាប់ទំលាប់ផ្សេងៗអោយបានទូលំទូលាយផងដែរ៕