(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរងកងទ័ពជើងអាកាស អញ្ជើញចុះសាកសួសុខទុក្ខ និងសំណោះសំណាល ជូនសព្វសាធូការពរជ័យ ដល់នាយទាហាន នាយទាហារង និងពលទាហាន នៅមូលដ្ឋានពោធិ៍ចិនតុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
បន្ទាប់ពីឧត្តមសេនីយ៍ទោ អ៊ូ សាម៉ន មេបញ្ជាការ មូលដ្ឋានពោធិ៍ចិនតុង អានរបាយការណ៍ស្វាគមន៍ស្តីពីការវិវត្តន៍រីកចម្រើនព្រមទាំងចំណុចខ្វះខាតមួយចំនួនរបស់មូលដ្ឋានពោធិ៍ចិនតុង រួចមក, ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលស្នាដៃដ៏ធំធេងដែលសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងការធ្វើពលីកម្មដ៏ធំធេង ពីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន និងពីមេបញ្ជាការកងទ័ពជើងអាកាសផ្ទាល់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែង នៅតាមបណ្តាអង្គភាពចំណុះ ធ្វើឱ្យរាល់ភារកិច្ចទទួល បានលទ្ធផលល្អប្រសើរ។
តាមរយៈជួបសំណេះសំណាល និងសាកសួសុខទុក្ខជូនពរឆ្នាំថ្មី, លោកឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានផ្តាំផ្ញើការសាកសួរសុខទុក្ខជាមួយនឹងក្តីនឹករលឹក និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធបលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង ជាមេបញ្ជាការកងទ៍ពជើងអាកាស ផ្ញើជូននូវការ សាកសួរសុខទុក្ខ ពោរពេញទៅដោយមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតចំពោះនាយទាហាន ពលទាហានទាំងអស់ ដែលក្នុងឆ្នាំកន្លងមកបានខិតខំពុះពារ ជំនះរាល់ការលំបាកធ្វើ ពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការពារបូរណភាពទឹកដី អធិបតេយ្យជាតិ មាតុភូមិជាទីស្នេហា។
ទន្ទឹមនឹងនេះដែរយោធិនគ្រប់ៗរូប បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន សំដៅកសាងកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក កសាងកងទ័ពជើងអាកាសឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់ គ្រាន់ក្នុងការបំពេញតួនាទី ភារកិច្ច ទៅតាមជំនាញរៀងៗខ្លួន ចូលរួមយ៉ាងសកម្មអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ទប់ស្កាត់និងបង្ក្រាបបានរាល់ សកម្មភាពខុសច្បាប់បទល្មើសនានា ពិសេសការជួញដូរប្រើប្រាស់គ្រឿង ញៀន ដែលកើតឡើងក្នុងមូលដ្ឋានទីតាំងបោះទ័ពរបស់ខ្លួន ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមដោយ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធបានល្អប្រសើរ។
ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ បាននាំយកនូវអំណោយអនុស្សាវរីយ៍ និងថវិកាមួយចំនួន ផ្តល់ជូនអង្គភាព នាយទាហាន ពលទាហាម ចំណុះ៤ស្នងការដ្ឋាន និង៤ស្ថាប័នឯករាជ និងនាយទាហានក្នុងមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ចំនួន ៣៣៤នាក់ផងដែរ៕