(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកល្អក្នុងសង្គម ប៉ុន្ដែសូមកុំធ្វើបន្ដទៀត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពោលទុកភារកិច្ចឲ្យសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្អូនម្នាក់គាត់មានក្រុមម៉ូតូ នៅពេលមានរថយន្ដសង្គ្រោះគាត់ជិះបើកផ្លូវ ប៉ុន្ដែយើងសុំគាត់កុំឲ្យធ្វើអ៊ីចឹងព្រោះអាចប៉ះគេ។ គាត់មានទឹកចិត្តល្អណាស់ ប៉ុន្ដែអ្វីដែលគាត់ធ្វើអាចប៉ះគ្រោះថ្នាក់ ព្រោះគាត់ជិះបើកផង ជ្រែចុះឡើងគ្រោះថ្នាក់ពេលខ្លះ។ អ៊ីចឹងខ្ញុំថា ល្អណាស់ទឹកចិត្តនេះ ប៉ុន្ដែវាលំបាកកុំអី អ្នកបើកផ្លូវសុំទុកតែប៉ូលិស ឬឡានស៉ីរ៉ែនបានហើយកុំចាំបាច់មានម៉ូតូបែបនេះ វាអាចគ្រោះថ្នាក់ដល់អ្នកដទៃ»។
សូមជម្រាបថា កន្លងទៅមានយុវជនមួយក្រុមបាននាំគ្នាជិះម៉ូតូ ដែលមានបំពាក់ភ្លើងដូចកម្លាំងសមត្ថកិច្ច តែងតែជិះនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលជាការជួយសម្រួលឲ្យរថយន្ដសង្គ្រោះនោះ ធ្វើដំណើរបានលឿននៅពេលមានការ កកស្ទះចរាចរណ៍ ឬមានមធ្យោបាយច្រើននៅលើដងផ្លូវ។
ប៉ុន្ដែការជួយសម្រួលផ្លូវឲ្យរថយន្ដសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមយុវជននោះ ពេលខ្លះបានបង្កឲ្យមានការប៉ះពារដោយកាយវិការ ឬសម្ដីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។
ទោះជាយ៉ាងណាក្ដី នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ និងណែនាំឲ្យបញ្ឈប់សកម្មភាព ពោលទុកភារកិច្ចឲ្យកម្លាំងសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែនជាអ្នកបើកផ្លូវវិញ ដោយហេតុថា សកម្មភាពនេះពិតជាអាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯង និងអ្នកដំណើរផ្សេងទៀតផងដែរ។
គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន យុវជនម្នាក់ដែលបើកម៉ូតូនាំមុខឡានពេទ្យ ត្រូវបានរថយន្តបុកស្លាប់ ដូច្នេះនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ តែខ្លួនឯងក៏អាចជួបគ្រោះថ្នាក់ចរាចរណ៍ដែរ៕