(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញអបអរសាទរ និងបើកសង្ក្រានវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសារ នសរសៀលថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានអំពាវនាវសិស្សានុសិស្ស យុវជន យុវនារី រួមនឹងប្រជាពលរដ្ឋ បន្តចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីថែរក្សាមរតកវប្បធម៌ អរិយធម៌ខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសយើងឱ្យបានយូអង្វែងតទៅ។

លោក សុខ ពុទ្ធិវុធ បានបន្តថា «ល្បែងប្រជាប្រិយខ្មែរយើងមានច្រើនប្រភេទណាស់ដែលយុវជន យុវនារី រួមនឹងប្រជាពលរដ្ឋ គួរលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខមានដូចជា៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្ត វាយក្អម និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ ដូច្នេះ ដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា»

នៅក្នុងឱកាសនោះ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រានអបអរឆ្នាំថ្មីនៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ក្នុងឆ្នាំនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសុខ សណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន និងប្រជាពលរដ្ឋទូទៅបានលេងកំសាន្តដោយក្ដីសប្បាយរីករាយ  និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ។

ក្រុមសិស្សវិទ្យាល័យ សុខ អាន ដូងខ្ពស់ បានលើកឡើងពីក្ដីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលឆ្នាំនេះ សាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីបានល្អ និងសប្បាយរីករាយជាងមុន។ ពួកគាត់បានបង្ហាញការកត់សម្គាល់ថា សង្ក្រាន្តឆ្នាំនេះប្លែក និងមានភាពទាក់ទាញខ្លាំង ដោយសារមានស្ដង់បង្ហាញពីស្នាដៃសិស្ស ការសម្តែងក្បាច់រាំ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទថែមទៀតផង៕