(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណ្ឌភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងថា ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។
លោក ហាន កុសល បានថ្លែងប្រាប់ឱ្យដឹងទៀតថា «ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។ ដោយឡែកចំពោះពាងទឹកគឺមានរៀបចំរហូតចំនួន២៤១ពាង ច្រើនជាងឆ្នាំមុនដែលរៀបចំតែ២០ពាង ពោលឆ្នាំនេះគឺយើងរៀបចំពេញក្រុងកំពង់ចាមតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចយកទឹកស្រាចដាក់គ្នាយ៉ាងសប្បាយរីករាយ និងមានភាពងាយស្រួល ព្រមទាំងមានកម្មវិធីបើកសង្ក្រានឆ្នាំថ្មី មានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដោយធ្វើការដង្ហែសត្វពស់ចំនួន៣ អមដោយការរាំបទភ្លេងប្រពៃណីខ្មែរ ក្នុងគោលបំណងដើម្បីឱ្យក្បួនដង្ហែមានភាពអស្ចារ្យ ដោយយើងធ្វើនៅរសៀលថ្ងៃទី១៣ ខែមេសា ខាងមុខនេះ»។
លោក ហាន កុសល បានថ្លែងបញ្ជាក់យ៉ាងថា អ្វីដែលប្លែកជាងនេះទៀតនោះ គឺលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីហូបលៀសហាល តាមការគ្រោងទុកមានចំនួន៣តោន ដែលយើងរៀបមានប្រវែង ១គីឡូម៉ែត្រ ដោយប្រជាពលរដ្ឋទាំងអស់អាចចូលរួមហូបលៀសហាលជាមួយគ្នា ដោយក្តីសប្បាយរីករាយ និងសេចក្តីថ្លៃថ្នូរជាមួយនឹងការចូលរួមថែរក្សាអនាម័យទាំងអស់គ្នា។
អភិបាលរងខេត្តកំពង់ចាម បានថ្លែងបញ្ជាក់បន្ថែមទៀតថា «ហេតុអ្វីយើងត្រូវហូបលៀស»? ត្រង់ចំណុចនេះលោក ហាន កុសល ថា ជាគំនិតរបស់លោកអភិបាលខេត្ត ដោយខេត្តយើងជាខេត្តមានទន្លេមេគង្គ មានលក្ខណៈ អំណោយផលសំបូរទៅដោយលៀស ខ្ចៅ ពិសេសគឺសំបូរលៀសតែម្តង ដែលធ្វើឱ្យលៀសហាលកំពង់ចាម មានភាពល្បីល្បាញ ឆ្ងាញ់ជាងគេ តែឆ្ងាញ់ត្រង់ចំណុចណានោះលោក ហាន កុសល ទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមហូបលៀសហាលនៅថ្ងៃនោះ វាយតម្លៃដោយខ្លួនឯងចុះ។
លោកអភិបាលរងខេត្តកំពង់ចាម បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងប្រជាពលរដ្ឋខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលកម្រឫមួយមិនដែលមកលេងខេត្តកំណើត របស់ខ្លួននោះ សូមអញ្ជើញមកចូលរួមសប្បាយទាំងអស់គ្នានៅស្រុកកំណើតរបស់យើង ជាមួយនឹងព្រឹត្តិការណ៍ជាច្រើន ដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ ស២០២៥ខាងមុខនេះ ឱ្យបានច្រើនកុះករ៕
ខាងក្រោមនេះកិច្ចសម្ភាសជាមួយលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម ជាមួយបណ្តាញព័ត៌មានFresh News៖