(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១០ ខ្លឹមសារសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ ៣៦៦នាក់។
បន្ទាប់ពីបានស្តាប់លោក ធូ ភា អភិបាលរងខេត្ត បានឡើងអានផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំចាប់ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្ន ឆ្នាំ២០២៥រួចមក, លោក សុខ លូ បានស្នើសូមលោក ធូ ភា បន្តខិតខំដឹកនាំ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងនេះឱ្យបានផុសផុលបន្ថែមទៀត ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
លោកអភិបាលខេត្ត បានជំរុញការផ្សព្វផ្សាយណែនាំអំពីការប្រប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug App ដែលជាកម្មវិធីប្រើប្រាស់សម្រាប់រាយការណ៍រាល់ករណីបទល្មើសគ្រឿងញៀន ជូនដល់អាជ្ញាធរមានសមត្ថកិច្ចបានលឿន ឆាប់រហ័ស និងសុវត្ថិភាព ដល់មន្ត្រីប្រដាប់អាវុធតាមមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ៕