(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានថ្លែងថា គិតមកដល់ខែមីនា ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា មានផ្ទាំងអាហ្វីស ប៉ាណូ ជាង១៤ម៉ឺនផ្ទាំង ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ។
ការឱ្យដឹងបែបនេះរបស់លោករដ្ឋន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព ចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធ ផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ (ស.ភ.ប.ផ.ក) តំណាងដោយលោក គៀន សាន ប្រធានសមាគម ពិធីនេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល រាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅត្រឹម៣ខែ ដើម្បីឆ្នាំ២០២៥ នៅកម្ពុជា មានអាល់ហ្វីសប៉ាណូ ដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងមិនមែនជាគ្រឿងស្រវឹង ចំនួន ១៤ម៉ឺន ប៉ាណូ ទាំងតូច ទាំងធំដែលយើងគិតចាប់ពី ៤ម៉ឺនឡើងទៅ ដោយមិនរាប់បញ្ចូលយីហោ ស្លាកតូចៗដែលនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ»។
បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ខណៈនៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូចំនួន១៧ ដែលផ្ដោតលើ ៣ទម្រង់ នៅទូទាំងប្រទេសកម្ពុជា ដោយបានដាក់នៅមុខហាង និងមុខផ្ទះប្រជាពលរដ្ឋ នៅតាមទីតាំងសាធារណៈ តាមដងផ្លូវសាធារណៈ ឬចំណីផ្លូវ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រស្រាបៀរធំៗចំនួន៧ នៅក្នុងប្រទេសកម្ពុជា ដែលចំនួនប្រាំជាកម្មសិទ្ធិរបស់អ្នកស្រុក និងពីរក្រុមហ៊ុនបរទេស។ យ៉ាងណាមិញ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងគ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មនេះឱ្យបានល្អ ប្រធាន (ក.គ.ផ.ស.) មានតួនាទីដឹកនាំជាយុទ្ធសាស្ត្រ តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស កំណត់វិធានការច្បាប់ និងវិធានការបច្ចេកទេសធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជុំរុញការប្រកួតប្រជែងប្រកបដោយសុចរិត។
លើសនេះពី ក្រុមការងារ (ក.គ.ផ.ស) បានរៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោក ភក្ដ្រា បានថ្លែងថា កិច្ចការងារដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន គឺធ្វើយ៉ាងណាដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីសផ្សេងៗទៀត ឱ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីផ្លាស់ប្តូរឥរិយាបថនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈរូបភាព និងសារផ្សេងៗ។
គួរឱ្យដឹងថា តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ, សម្តចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថាកន្លងទៅនេះ សម្តេចបានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗ ឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដែលមានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដឹកនាំដោយក្រសួងព័ត៌មាន និងដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានសម្របសម្រួល និងដោះស្រាយ ដោយទទួលបានលទ្ធផលល្អប្រសើរ៕