(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមួយ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ព្រមទាំងដកហូតថ្នាំញៀន និងសម្ភារមួយចំនួន។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុករតនៈមណ្ឌល បានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល
*ទី២៖ ឈ្មោះ យាន ស្រីនិច ហៅ ចាន់នី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់
*ទី៣៖ ឈ្មោះ វ៉ាត ណៃ អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល
*ទី៤៖ ឈ្មោះ មឿន ប៊ុនថន អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល
*ទី៥៖ ឈ្មោះ ម៉ៃ ចិន្តា អាយុ៤០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ថា វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀន ម៉ាទឹកកក (ice) ចំនួន ៥៨កញ្ចប់, ទូរសព្ទចំនួន៥គ្រឿង, ម៉ូតូចំនួន២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕