(ភ្នំពេញ)៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ព្រមទាំងសមាជិកក្រុម ប្រឹក្សាភិបាល ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង និងរ៉ូយ៉ាល់ គ្រុបនៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសយ៉ាងឱឡារិក លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុន ជីប ម៉ុង បានថ្លែងថា «ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឈានមុខគេពីរ ប្រចាំប្រទេសនោះទេ វាគឺជាគំនិតផ្តួចផ្តើមដ៏អង់អាចដែលនឹងចូលរួមអភិវឌ្ឍរយៈពេលវែងដ៏គួរ ឱ្យកត់សម្គាល់នាពេលអនាគត របស់ប្រទេសកម្ពុជា»

លោកអ្នកឧញ៉ាបានថ្លែងបន្ថែមថា «ដូចសុភាសិតខ្មែរមួយលើកឡើងថា ចង្កឹះមួយបាច់ កាច់មិនបាក់។ ប្រទេសកម្ពុជា យើងទាមទារឱ្យក្រុមហ៊ុនខ្មែរចាប់ដៃគ្នា បង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ យកចំនុចខ្លាំងមកផ្តុំគ្នាជាធ្លុងមួយ ដើម្បីក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា»

តាមរយៈកិច្ចសហការដោយក្រុមហ៊ុនទាំង២ ប្រើប្រាស់ភាពខ្លាំង ជំនាញ និងចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចខិតខំប្រឹងប្រែង រួមគ្នាដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអាជីវកម្មសំខាន់ៗ រួមមានធនាគារ ថាមពល សំណង់ និងអចលនទ្រព្យ បដិសណ្ឋារកិច្ច ទំនាក់ទំនង ភេសជ្ជៈ និងការអប់រំជាដើម។

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រយៈ ពេលវែងរបស់កម្ពុជា។ គោលបំណងសំខាន់នៃ MOU រួមមាន៖

* ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច៖ រួមបញ្ចូលគ្នានូវជំនាញបន្ថែម និងការប្រកួតប្រជែង ខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់សេដ្ឋកិច្ចជាតិ។
* ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។
* ការបង្កើតឱកាសការងារ៖ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះ ជំនាញជូនប្រជាពលរដ្ឋ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ក្រុម ហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំពោះការច្នៃប្រឌិត ឧត្តមភាព និងការអភិវឌ្ឍប្រកបដោយចីរ ភាពរបស់កម្ពុជា។ ក្រុមហ៊ុនខ្មែរទាំងពីរ មានម្ចាស់ជាសហគ្រិនខ្មែរ មានប្រវត្តិដ៏ល្បីល្បាញនៃការវិនិយោគ លើការរីកចម្រើនរបស់ប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមសហការនេះ ស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ចេញនូវ ចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា «នៅពេលដែលយើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ យើងនៅតែផ្តោតលើបេសកកម្មរបស់យើង ដើម្បីជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា»