(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងថា មុខវិជ្ជាជាគ្រូពេទ្យនេះ គឺទាមទារត្រូវតែមានភាពអំណត់ តស៊ូព្យាយាម និងលះបង់ គ្រប់ស្ថានលំបាកទាំងអស់ ជាការងារដែលត្រូវមានទាំងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ណាស់មិនអាច់ថ្លៃបាន ព្រោះវាការងារដែលត្រូវដណ្ដើមជីវិតអ្នកជំងឺពីមជ្ចុរាជ។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា «ដូច្នេះមុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថា ត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូ ជាមួយគ្រប់ការលំបាក ខិតខំឆ្លើយតបជាដំណោះស្រាយសង្គ្រោះអាយុជីវិតអ្នកជំងឺ រាល់គ្រប់វិនាទី មិនថាយប់ថ្ងៃ មិនថាថ្ងៃសម្រាក ឫវេលាណាទេ»

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ៕