(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មានប្រសាសន៍ថា ដោយសារតែភាពប្រែប្រួលរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ គឺជាហេតុផលសំខាន់មួយនាំឱ្យមានគម្រោងទស្សនកិច្ចរបស់លោក ស៊ី ជីងភីង ប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចំនួន៣ នៅអាស៊ាន។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិត គម្រោងមកកាន់ប្រទេសទាំង៣នៅក្នុងតំបន់អាស៊ាននេះ ក៏ព្រោះតែ ម៉ាឡេស៊ី ឆ្នាំ២០២៥ គឺជាប្រធានអាស៊ាន ខណៈវៀតណាម បើទោះជាមានបញ្ហាព្រំដែនជាមួយគ្នាក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែពាណិជ្ជកម្ម នៃប្រទេសទាំង២នេះក៏មានទំហំធំខ្លាំងដែរ។ ចំណែកឯ កម្ពុជា គឺជាប្រទេសគន្លឹះមួយ ដែលអាចជួយសម្របសម្រួល បញ្ហាមួយចំនួនដែលកើតមាននៅក្នុងតំបន់អាស៊ាន ដោយសារតែឆន្ទៈចូលរួមរបស់ថ្នាក់ដឹកនាំរបស់កម្ពុជាផ្ទាល់។
សូមជម្រាបថា បើតាមសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ស៊ី ជីងភីង មានគម្រោងមកទស្សនកិច្ចនៅក្នុងប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ាន ក្នុងនោះមាន ម៉ាឡេស៊ី, វៀតណាម និងកម្ពុជា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖