(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានកើតឡើង បណ្តាលឲ្យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ អស់ចំនួន ៣ខ្នង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
បន្ទាប់ពីបានដឹកនាំអន្តរាគមន៍ពន្លត់អគ្គីភ័យរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានចាត់ឲ្យអនុសាខាកាកបាទក្រហមខណ្ឌ នាំយកអំណោយសង្គ្រោះបឋម រួមមាន គ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនភ្លាមៗផងដែរ ។
ក្នុងឱកាសចែកអំណោយ តំណាងលោកអភិបាលខណ្ឌ លោក ញ្ញាណ ចាន់សោភា អភិបាលរងខណ្ឌ បានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានី ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គីភ័យកេីតឡេីងភ្លាមៗផងដែរ ។
ជាមួយគ្នានោះលោក ញ្ញាណ ចាន់សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ រឺចៅសង្កាត់ ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកក៏បានណែនាំលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ ។
ក្នុងនោះដែរ លោកបានអំពាវនាវប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ» ៕