(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រកាសស្ដីពីវិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច» ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅសណ្ឋាគារ សុខា ភ្នំពេញ។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយស្ដីពី «ប្រកាសស្ដីពីវិធាន និងនីតិវិធីសារពើពន្ធចំពោះបរធនបាលកិច្ច» ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែមីនា គ.ស.២០២៥។
ប្រកាសនេះ បានកំណត់អំពីបែបបទ និងនីតិវិធីក្នុងការអនុវត្តសារពើពន្ធចំពោះបរធនបាលកិច្ច ដោយមិនបង្កើត ឬបន្ថែម ឬការកំណត់របបពន្ធថ្មីដោយឡែក ពីរបបសារពើពន្ធ ដែលមានរួចស្រេចនោះទេ។ ដើម្បីសម្រួលដល់ការអនុវត្ត ប្រកាសនេះបានកំណត់ឱ្យបរធនបាល ជាអ្នកប្រកាសពន្ធជំនួស បរធនបាលទាយក និងអត្ថគាហកៈ។
ប្រកាសនេះ ក៏បានចូលរួមលើកម្ពស់អភិបាលកិច្ចល្អ និងបង្កើនទំនុកចិត្តវិនិយោគិន ដោយតម្រូវឱ្យបរធនបាលកាន់បញ្ជិកាគណនេយ្យដាច់ដោយឡែកៗពីគ្នា សម្រាប់បរធនបាលកិច្ចនីមួយៗដែលបង្កើត និងចុះបញ្ជី។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ, និងថ្នាក់ដឹកនាំនិងមន្រ្តីនៃ ន.ប.ធ., ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទទួលបន្ទុកពាក់ព័ន្ធរបស់ក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្ដល់សេវាសវនកម្ម សរុបចំនួន១៩១ រូប៕