(ភ្នំពេញ)៖ ដើម្បីបង្កើនចំណេះដឹងបន្ថែមពីលើការសិក្សាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) បានរៀបចំវេទិកាមួយដោយនាំយកមន្រ្តីជំនាញៗជាច្រើនរូបមកលាតត្រដាង និងបង្ហាញពីឥទ្ធិពលនៃការវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ចែកជូននិស្សិតប្រមាណ ២០០នាក់។
វេទិកាត្រូវបានធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ពីលោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ថ្លែងស្វាគមន៍ក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ស្តើង សុខុម បានលើកបង្ហាញអំពីប្រវត្តិសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមឡើងនៅក្នុង ឆ្នាំ២០០២ ក្នុងនាមជាវិទ្យាស្ថានមួយនៅកម្ពុជា ហើយបានវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតបង្កើជាសាកលវិទ្យាល័យនៅអំឡុងឆ្នាំ២០០៣។
លោកសាកលវិទ្យាធិការបានបន្តថា សាកលវិទ្យាល័យតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងគុណភាពបង្រៀន រៀន អនុវត្ត ស្រាវជ្រាវ និងតាមរយៈការរៀបចំសិក្ខាសាលា និងវេទិកាផ្សេងៗ ដោយនាំយកអ្នកជំនាញមកផ្តល់ចំណេះដឹង និងចែករំលែកនូវបទពិសោធន៍ដែលពួកគេមាន។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាការរង និងជាបណ្ឌិតបញ្ចប់ការសិក្សាអាហារូបករណ៍ផ្នែកច្បាប់ពីប្រទេសជប៉ុន បានថ្លែងថា ការចូលរួមត្រង់ត្រាប់ស្តាប់ធ្វើឲ្យនិស្សិតកាន់តែសម្រួចចំណេះដឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយ ហើយវាជាទម្លាប់ដែលធ្វើឲ្យនិស្សិត ឬអ្នកសិក្សាស្រាវជ្រាវក្លាយជាអ្នកជំនាញទ្រឹស្តីមួយដ៏ច្បាស់លាស់។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលត្រូវបានអញ្ជើញធ្វើបទបង្ហាញពីអត្ថន័យនៃការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងតួនាទីដ៏សំខាន់នៃការវិនិយោគទុននោះបានថ្លែងថា ការវិនិយោគ ជាធាតុដ៏សំខាន់ដែលនាំបង្កើតឲ្យមានរោងចក្រឧស្សាហកម្ម ឬផ្នែកទេសចរណ៍ដែលស្រូបយកកម្លាំងពលកម្ម និងនាំចំណូលចូលថវិកាជាតិ។
លោកបន្តថា កំណើនវិនិយោគទុនផ្ទាល់ពីបរទេសកាន់តែច្រើន គឺបង្ហាញឲ្យឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ច និងស្ថេរភាព នយោបាយ។ បន្ថែមពីលើនេះ វាក៏បានធ្វើឲ្យអន្តរជាតិកាន់តែស្គាល់ពីប្រទេសកម្ពុជា ដោយសារការប្រើប្រាស់ទំនិញផលិតពីរោងចក្រ តាមរយៈការវិនិយោគទុនផ្ទាល់នេះ។
លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបន្តថា ប្រទេសកម្ពុជាមកដល់ពេលនេះ បានខិតខំយ៉ាងខ្លាំងដើម្បីទាក់ទាញអ្នកវិនិយោគទុនផ្ទាល់ពីបរទេសតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបម្រើឲ្យការវិនិយោគ ការកសាងក្របខណ្ឌច្បាប់ដើម្បីការពារអ្នកវិនិយោគ ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគទុន តាមរយៈការកាត់បន្ថយ ឬលើកលែងពន្ធជាដើម។
លោកថា បច្ចុប្បន្នកម្ពុជាបានទទួលជោគជ័យយ៉ាងខ្លាំងលើវិស័យវិនិយោគទុនផ្ទាល់ពីបរទេស តែកម្ពុជាក៏ត្រូវបន្តខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ដើម្បីទាក់ទាញប្រភពវិនិយោគទុនថ្មី ស្របជាមួយនឹងការពង្រីកទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។
លោក ស្តើង សុខុម បានថ្លែងកត់សំគាល់ថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេស និងតួនាទីដ៏សំខាន់នៃការវិនិយោគទុនប្រភេទនេះគឺធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន ព្រោះសេដ្ឋកិច្ចមិនអាចនៅតែឯងបានទេក្នុងការអភិវឌ្ឍប្រទេស គឺត្រូវការការចូលរួមពីប្រទេសផ្សេងៗទាំងប្រទេសទន់ខ្សោយ និងប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង។
លោកបានបញ្ជាក់ថា «ហេតុនេះរដ្ឋាភិបាលគួរតែបង្កើតតំបន់សេដ្ឋកិច្ចពិសេសឲ្យបានច្រើននៅក្នុងប្រទេស ការវិនិយោគមិនមែនគ្រាន់តែដាក់ថវិកាក្នុងវិស័យពាណិជ្ជកម្មទេគឺធ្វើលើគ្រប់វិស័យដូចជាការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទៅលើហេដ្ឋារចនាសម័ន្ធជាដើម។ ប្រទេសមួយដែលមានការវិនិយោគភាគច្រើន នោះប្រទេសនោះនឹងសម្បូរការងារធ្វើច្រើន ជាពិសេសការវិនិយោគទៅលើវិស័យឧស្សាហកម្មគឺអាចស្រូបយកកម្លាំងពលកម្មបានច្រើន»។
លោកសាកលវិទ្យាធិការ ក៏បានលើកជាឧទាហរណ៍ថា ការផលិតមិនត្រឹមតែលក់ និងប្រើប្រាស់ក្នុងស្រុកនោះទេ គឺអាចធ្វើការនាំចេញបានទៀតផង។
ក្រុមនិស្សិតបានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUS តែងបង្កើតនូវវេទិកាផ្សេងៗ ដោយនាំមកនូវមន្រ្តី និងអ្នកជំនាញមកចែករំលែកបទពិសោធន៍ ព្រមទាំងចំណេះដឹងបន្ថែមដល់ពួកគេ ដើម្បីជាគ្រឹះសម្រាប់ពួកគេមុននឹងចេញពីសាលាទៅប្រឡូកក្នុងសង្គមការងារ៕