(កំពង់ចាម)៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ​ នៅបណ្តោយផ្លូវជាតិលេខ៧ នៅឃុំខ្វិតធំ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម កើតឡើងដោយរថយន្តដឹកដីមួយគ្រឿង បានបើកបុកក្បួនរថយន្ត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលឱ្យរបួសធ្ងន់ស្រាល ៦នាក់ ហើយពិសេសបុកចំរថយន្ត BMW មានតម្លៃជាង១០ម៉ឺនដុល្លារ ប្រភេទ X5 (Smart Key) របស់សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស​គណបក្សហ្វ៊ិនស៉ិនប៉ិច ខូចខាតយ៉ាងដំណំ ប៉ុន្តែអ្វីដែលល្អនោះ រថយន្ត BMW បានការពារសម្តេចក្រុមព្រះ មិនឲ្យទទួលរងរបួសបន្តិចណាសោះឡើយ។       

លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងឲ្យដឹងថា ក្រោយពីកើតហេតុ សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា បាននិងកំពុងយាងមកកាន់រាជធានីភ្នំពេញហើយ ចំណែកបញ្ហាគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចកំពុងដោះស្រាយនៅនឹងកន្លែង។

សូមជំរាបថា នៅម៉ោង ១២៖៥០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ មានរថយន្តដឹកដីមួយគ្រឿង បានបើកបុកក្បួនរថយន្ត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅលើផ្លូវជាតិលេខ៧ ភូមិខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បណ្តាលឱ្យរបួសធ្ងន់ស្រាល ៦នាក់៕

www.freshnewsasia.com