(អាមេរិក)៖ តារាចម្រៀងរ៉េប Sean John Combs (Diddy) និងតារាសម្ដែងហូលីវ៉ូដ Mark Wahlberg បាន​ភ្នាល់គ្នាដាក់លុយ ២៥ម៉ឺនដុល្លារអាមេរិក សម្រាប់ការប្រកួតរវាងកំពូលកីឡាករ មិនដែលចាញ់របស់អាមេរិក Floyd Mayweather និងកីឡាករ​ហ្វីលីពីន Manny Pacquiao នេះបើយោងតាមការចុះផ្សាយរបស់ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសានេះ។

កំពូលតារាចម្រៀង Diddy ត្រូវបាន Forbes ចុះផ្សាយថា ជាតារាចម្រៀងរ៉េប ដែលមានទ្រព្យច្រើនជាងគេលំដាប់ទី២ នៅក្នុងឆ្នាំ ២០១៤ ជាមួយ​នឹង​ទឹកប្រាក់ ១០៥លានដុល្លារអាមេរិក បានជ្រើសរើសយកកីឡាករ Floyd Mayweather ចំណែកតារាសម្ដែង Mark Wahlberg វិញ ត្រូវបាន Forbes ចុះផ្សាយដូចគ្នាថា មានទ្រព្យសម្បត្តិចំនួន ៤២​លានដុល្លារអាមេរិក បានជ្រើសរើសយកកីឡាករ Manny Pacquiao។

គួរបញ្ជាក់ផងដែរថា កីឡាករ Floyd Mayweather និង Manny Pacquiao នឹងធ្វើការប្រកួតគ្នានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងទីក្រុងឡាវីហ្គាស ដោយសំបុត្រសម្រាប់ចូលរួមការ​ប្រកួតមានតម្លៃចន្លោះពី ១៥០០ដុល្លារអាមេរិក ដល់ ៧៥០០ដុល្លារអាមេរិក ដោយត្រូវបាន​លក់អស់គ្នាសល់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕