(រតនគិរី)៖ នាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអង្គការ UNHCR បានចាប់បញ្ជូនជនជាតិម៉ុងតាញ៉ា ចំនួន១៤នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រីជា ប៊ុនធឿនស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារFresh News នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ត្រីជា ប៊ុនធឿន បានបន្ថែមទៀតថា ជនជាតិម៉ុងតាញ៉ាវៀតណាម១៣នាក់ (ស្រី៦នាក់) ត្រូវបញ្ជូនត្រឡប់ទៅស្រុកកំណើតតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តាំងពីថ្ងៃទី២០ ខែធ្នូម្សិលមិញដោយមានក្រុមUNHCRជូនដំណើរដល់គោលដៅ។
រីឯជនជាតិខ្មែរច្រាយម្នាក់ទៀត ជាជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
លោក ជា ប៊ុនធឿនប្រាប់បន្តថា «ពួកគេបានលួចជ្រៀតចូលខុសច្បាប់មកលាក់ខ្លួន នៅភ្នំពេញដោយមានការជួយឧបត្ថម្ភពីអង្គការ UNHCR អស់មួយរយះកន្លងមក»៕