(ភ្នំពេញ)៖ មានមិត្តអ្នកអានរបស់ហ្វ្រេសញូ នៅខេត្តបាត់ដំបងជាច្រើន បានទូរស័ព្ឌមកសួរនិងសុំឲ្យ FRESH NEWS ជួយផ្សាយ និងសួរទៅមន្ត្រីអាជ្ញាធរ សមត្ថកិច្ចខេត្តបាត់ដំបងផងថា ល្បែងទឹកភ្លៀងគេបើកលេងយ៉ាងចំហមួយថ្ងៃៗ ចាក់ចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារ ហេតុអ្វីក៏មិនឃើញធ្វើការបង្ក្រាប។
មិត្តអ្នកអានបានលើកឡើងថា នៅខេត្តបាត់ដំបងបច្ចុប្បន្ន បើប្រជាពលរដ្ឋនាំគ្នាលេងល្បែងស៊ីសងបន្តិចបន្តួច គ្រាន់កែការអុកផ្សុក ដូចជាវ៉ៃទានឡេន លេងស៊ីគូ ឬក្រឡុកខ្លាឃ្លោកជាដើមនោះ ច្បាស់ជាត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប ចាប់បញ្ជូនទៅតុលាការ ឬផាកពិន័យហៅកាសែត ហៅទូរទស្សន៍ថតផ្សាយខ្មាស់គេជាមិនខាន ។ ប៉ុន្តែបច្ចុប្បន្ននេះនៅកណ្ដាលក្រុងបាត់ដំបង គេឃើញមានគេនាំគ្នាលេងល្បែង ភ្នាល់ទឹកភ្លៀងមួយថ្ងៃៗចាក់ភ្នាល់ស៊ីសង រាប់ពាន់រាប់ម៉ឺនដុល្លារយ៉ាងចំហ តែគេមិនដែលឃើញសមត្ថកិច្ច ឬមន្ត្រីអាជ្ញាធរចុះទៅបង្ក្រាបអ្វីឡើយ ។
បច្ចុប្បន្ននៅទីរួមខេត្តបាត់ដំបង ចាប់តាំងពីម៉ោង ៧-៨ព្រឹក រហូតដល់ព្រលប់នៅតាមហាងកាហ្វេ តាមកន្លែងទូរលក់មាស ដូរលុយតាមផ្ទះ ជាពិសេសនៅម្ដុំផ្សារបឹងឈូកជាដើម គឺពួកគេបើកទទួលភ្នាល់ទឹកភ្លៀងដោយសេរី ដោយមេកញ្ច្រែងទទួលភ្នាល់ សុទ្ធតែមានកាន់អេកូម សំរាប់ធ្វើការទាក់ទងជាមួយមេធំ ក្នុងការទទួលចាក់ ឬលក់ចេញទៅវិញ
ដោយល្បែងទឹកភ្លៀងនេះ គេមិនមែនលេងចាក់ម្ដងបួនប្រាំពាន់ ឬមួយម៉ឺន ពីរម៉ឺនរៀលនោះទេ គឺចាក់យ៉ាងហោចណាស់ក៏ ៥០ដុល្លារឡើងទៅដែរ ហើយមួយថ្ងៃគេលេងចាក់ស៊ីសង រាប់ពាន់រាប់ម៉ឺនដុល្លារឯណោះ គឺចាក់ជាចំហតែម្ដង ជាពិសេសពេលមេឃស្រទុំ ឬមេឃរកភ្លៀងគឺមានអ្នកចាក់ មានអ្នកទិញតឡើងវ៉ែដូចផ្សារត្រីអញ្ចឹង។
ដូច្នេះដើម្បីកុំឲ្យអ្នកខេត្តបាត់ដំបងរិះគន់ មន្ត្រីអាជ្ញាធរខេត្តគួរមានវិធានការលប់បំបាត់ ល្បែងទឹកភ្លៀងនៅខេត្តបាត់ដំបងនេះផង កុំអោយគេចោទថាត្រូវថ្នាំសណ្ដំ ពីមេទឹកភ្លៀងហើយមើលទៅទើបមិនបង្ក្រាប៕