(រតនគិរី)៖ លោក ឆាយ ធី អតីតមន្ត្រីសិទ្ធិមនុស្សដ៏ល្បីឈ្មោះមួយរូប របស់អង្គការអាដហុក នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទកាសែត ក្រោយពីការលាលែង សមាគមអាដហុក មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីនោះក៏មានការអញ្ជើញចូលរួម ពីលោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី និង លោក ណាប់ ប៊ុនហេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងក្នុងឱកាសនោះថា លោក ឆាយ ធី មានអាយុ៤៨ឆ្នាំ បានបំរើការងារនៅសមាគមសិទ្ធិមនុស្ស អាដហុក ជិត១០ឆ្នាំ ជួយដោះស្រាយប្រជាពលរដ្ឋបញ្ហាដីធ្លី បញ្ហាសិទ្ធិមនុស្ស ការកាប់បំផ្លាញធនធានធម្មជាតិជាដើម ហើយត្រូវបានប្រជាពលរដ្ឋ គោរពស្រលាញ់ បានដាក់ពាក្យសុំចូលរួមជា សមាជិកបក្សប្រជាជនកម្ពុជាពេញសិទ្ធ ចាប់ពីពេលនេះតទៅ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមជូនពរលោក ឆាយ ធី ឲ្យទទួលជោកជ័យ ក្នុងក្របខណ្ឌការងារ។
លោក ឆាយ ធី បានបកស្រាយបំភ្លឺ ជុំវិញការលាលែងរបស់លោក ពីសមាគមអាដហុក មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែលោកមានការជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង ដោយបានដោះស្រាយបញ្ហាធំៗ បញ្ចប់សង្គ្រាមស៊ីវិល យុទ្ធសាស្ត្រឈ្នះឈ្នះ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនលើគ្រប់វិស័យ មិនប្រើប្រាស់សង្គ្រាមដណ្តើមអំណាច និងការកែទម្រង់ជាដើម។
លោក ឆាយ ធី បន្តថា រូបលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ប៊ូ ថង សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល, លោក ម៉ួង ប៉យ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី និង លោក ថង សាវុន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តរតនគិរី។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានប្រកាសទទួលស្គាល់លោក ឆាយ ធី ជាសមាជិកគណបក្សប្រជាជនកម្ពុជា ពេញសិទ្ធិចាប់ពីពេលនេះតទៅ ហើយបានដាក់បេក្ខភាពឈរ ឈ្មោះមេឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។
លោកទេសរដ្ឋមន្ត្រី លី ធុជ ថ្លែងរំពឹងថា លោក ឆាយ ធី ប្រមូលសម្លេងគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ពេលបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ។
គួររំលឹកថា មេឃុំប៉ាតេ ស្រុកអូរយ៉ាដាវខាងលើនេះ គ្រប់គ្រងដោយគណបក្សសម រង្ស៉ី ចំនួន២អណត្តិមកហើយ៕