(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទុកពេល១ខែ ដល់ក្រុមហ៊ុន Rice Natural និង ក្រុមហ៊ុន Century ដើម្បីសងប្រាក់ដល់ពលករខ្មែរឱ្យបានគ្រប់ចំនួន ក្រោយពេលក្រុមហ៊ុនទាំងពីរនេះ ទទួលប្រាក់ពីពលករ ជាង២០០នាក់ ប្រមាណ ៤០០ដុល្លារក្នុងម្នាក់ៗ ហើយសន្យាបញ្ជូនពួកគេ ទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែគម្រោងនេះមិនបានសម្រេចនោះទេ។

តាមរយៈការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល Fresh News ទទួលបា​ននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥នេះ បានឱ្យដឹងថា ក្រសួងបានកោះហៅក្រុមហ៊ុនទាំងពីរ និងដើមបណ្តឹងមកដោះស្រាយគ្នា ហើយទុកពេលឱ្យក្រុមហ៊ុនទាំងពី ១ខែ ចាប់ពីថ្ងៃទី២០ ឧសភា ដល់២០មិថុនា ឆ្នាំៗ០១៥ ដើម្បីសងប្រាក់គ្រប់ចំនួន មកឱ្យកម្មករ។

សូមជំរាបថា នាថ្មីៗនេះសមាគមសិទ្ធិម​នុស្សអាដហុក ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ស្វែងរកចាប់ខ្លួនអ្នកទទួលខុសត្រូវ លើក្រុមហ៊ុន Rice Natural និង ក្រុមហ៊ុន Century ក្រោយឆបោកលុយពីពលរដ្ឋខ្មែរ​ម្នាក់ៗ ៤០០ដុល្លារ ដោយសន្យាបញ្ជូនពួកគេ ទៅធ្វើការនៅប្រទេសជប៉ុន៕