(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជ ដែលឈានមុខគេនៅកម្ពុជា បានដាក់សម្ពោធជាផ្លូវការ នូវ Logo ថ្មីរបស់ខ្លួន ដែលបញ្ជាក់ពីសមាជិកភាព ក្នុងសម្ព័ន្ធពាណិជ្ជកម្ម របស់ធនាគារជាតិកាណាដា។
កម្មវិធីនេះ បានប្រារព្ធឡើងនៅសាខាវិមានឯករាជ្យ ដោយមានការចូលរួមជាកិត្តិយសដោយ លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA និងលោក Louis Vachon នាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា។
ការផ្លាស់ប្តូរ Logo នេះ សបញ្ជាក់ឲ្យឃើញនូវជោគជ័យដ៏សម្បើមមួយទៀតរបស់ធនាគារ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដា ដែលបានក្លាយជាម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ធនាគារ ABA ក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនដែលមានរឹងមាំ ធនាគារ ABA មានឱកាសបន្ថែមក្នុងការក្តោបយកទីផ្សារ ដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ និងទទួលបានបទពិសោធន៍ដ៏ឆ្នើម ពីធនាគារជាតិកាណាដា ដែលមានគ្រឹះយ៉ាងស្តុកស្តម្ភ ក្នុងវិស័យធនាគារអស់រយៈកាលជាង១៥០ឆ្នាំ។
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានថ្លែងថា « Logo ថ្មីនេះ នឹងបញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើង ភាពច្នៃប្រឌិតខ្ពស់ កិតិ្តនាមល្បីល្បាញរបស់យើងក្នុងទីផ្សារ និងការបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជន។ លើសពីនេះទៅទៀត Logo ថ្មីនេះ សបញ្ជាក់ឲ្យឃើញថា ធនាគារ ABA មានការគាំទ្រយ៉ាងរឹងមាំ ពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេ ក្នុងទ្វីបអាមេរិចខាងជើង»។
លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដា បានលើកឡើងថា «លោកពិតជាមានការរីករាយណាស់ ដែលបានចូលរួមក្នុងការដាក់សម្ពោធ Logo ធនាគារ ABA ថ្មី ដែលជានិមិត្តរូបនៃការបេ្តជ្ញាចិត្ត របស់ធនាគារជាតិកាណាដា ក្នុងទីផ្សារកម្ពុជា ហើយថ្ងៃនេះ ជាមួយការដាក់សម្ពោធ Logo ថ្មី យើងមានមោទនៈភាពក្នុងការប្រកាសជាសាធារណៈថា ធនាគារ ABA ជាផ្នែកមួយដ៏សំខាន់នៃសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា យើងជឿជាក់ថាជំនាញ បទពិសោធន៍ និងបណ្តាញអាជីវកម្មរបស់យើង នឹងចូលរួមក្នុងដំណើរជោគជ័យនេះ បន្តទៅមុខទៀតជាក់ជាមិនខាន»។
លោកបន្ដថា ជាមួយនឹងការផ្លាស់ប្តូរឡូហ្គោថ្មីនេះ ធនាគារ ABA នឹងបន្តអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់ខ្លួន គឺស្របតាមពាក្យស្លោក «ដៃគូដែលលោកអ្នកទុកចិត្តបំផុត» និងបន្តការប្តេជ្ញាចិត្តរបស់ធនាគារជាតិកាណាដា ក្នុងការជួយគាំទ្រដល់សហគ្រិន និងអាជីវកម្ម ការផ្តល់សេវាកម្ម ប្រកបដោយស្តង់ដារខ្ពស់ និងបន្តផ្តល់ជូន នូវដំណោះស្រាយហិរញ្ញវត្ថុ បែបឌីជីថល ដល់ប្រជាជនកម្ពុជាទាំងមូល។
ធនាគារ ABA ជាធនាគារពាណិជ្ជ ដែលឈានមុខគេក្នុងចំណោមធនាគារដទៃ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលមានឈ្មោះថា Advanced Bank of Asia Limited។ មានសាខា៤២ ម៉ាស៊ីនដាក់ប្រាក់៦០ម៉ាស៊ីន និងម៉ាស៊ីនអេធីអឹម១៦៧នៅទូទាំងប្រទេស (គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០១៧) ដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើន ជាមួយនឹងសេវាហិរញ្ញវត្ថុដ៏ទំនើប និងដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល៕