(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយផ្សេងទៀត ក្នុងការគិតគូរយកចិត្តទុកដាក់​ចំពោះកម្រិតជីវភាព តាមរយៈការតម្លើងប្រាក់បៀវត្ស ការតម្លើងឋានន្តរស័ក្តិ ការផ្តល់ដីសម្បទាន និងការឧបត្ថម្ភផ្សេងៗទៀតជូនកងទ័ពដែលស្លាប់​ចូលរួមស្វែងរកសន្តិភាពជូនជាតិ។

លើសពីនេះ រាជរដ្ឋាភិបាលបាន គិតគូរយកចិត្តទុកដាក់ចំពោះការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអតីត យុទ្ធជនតាមរយៈបំផុសគំនិត​ឱ្យមហាជនឱ្យទទួលស្គាល់ពីតម្លៃពីកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនដែល បានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនាពេលនេះ បានធ្វើឡើង នៅក្នុងពិធីជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូល​បម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមឲ្យដឹងថា តម្លាភាព និងភាពត្រឹមត្រូវនៃការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែល ចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺមានក្រុមការងារ ចុះជំរឿនយោធិនដោយសហការជាមួយក្រុមការងារ អង្គភាពការិយាល័យ បុគ្គលិក និងសាម៉ីខ្លួនដោយផ្អែកលើឯកសារច្បាស់លាស់ដែលទទួល​ស្គាល់ដោយផ្នែក ដែលពាក់ព័ន្ធខាងលើ។ ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើ កងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺផ្អែកលើអតីតភាពមិនគិតពីប្រអប់​តួនាទីនោះទេ។

លោកបានថ្លែងថា «យើងមិនអាចបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចំនួន៧០០នាក់ ក្នុងពេលតែមួយបានទេ គឺយើងធ្វើតាមដំណាក់កាល ហើយនេះគឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិជូន នាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃខាងមុខ។ ហេតុអីបានជាយើងកំណត់ការបំពាក់បំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហានដែល បានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ?ពីព្រោះយើងកំណត់ឆ្នាំ១៩៧៩ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត និងជាពេលវេលាដ៍លំបាកនៃការរំដោះប្រទេសជាតិ ចេញរបបប្រល័យពូជសាសន៍ហើយស្វែងរកសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ»

ការបំពាក់ស័ក្តិជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នាពេលនេះ គឺជាការផ្តល់ជូនយោធិន គ្រប់ភាគីទាំងអស់ដោយមិនគិតពីអតីតកាលគឺផ្តល់ជូនក្នុនាមខ្មែតែមួយ ដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ គោលនយោបាយនេះ គឺជាការលើកទឹកចិត្តនិងការទទួលស្គាល់ ចំពោះគុណូបការៈនៃការលះបង់របស់ នាយទាហានក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិដែលធ្វើឱ្យប្រជាជនរស់នៅក្នុង ភាពសុខសាន្តរហូតដល់សព្វថ្ងៃនេះ៕