(ប៉ៃលិន)៖ កងកម្លាំងវិស្វកម្មនៃក្រសួងការពារជាតិ បានចាប់ផ្តើមការកសាង ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅខេត្តប៉ៃលិន ប្រវែង១៥គីឡូម៉ែត្របន្ថែមទៀត ដែលជាជំហានទី២ ឆ្នាំ២០១៧ របស់ខ្លួន ប្រើប្រាស់កញ្ចប់ថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-ថៃ ១ខ្សែនេះ គឺនឹងផ្សាភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ព្រំដែន ដែលកំពុងកសាងចេញពីខេត្តកោះកុង ហើយផ្លូវនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្លូវមួយខ្សែស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្តានុពលលើវិស័យការពារជាតិ និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករ តាមព្រំដែនទៅកាន់ទីផ្សារបានឆាប់រហ័ស ធ្វើឱ្យឈ្មួញកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ស្មើនឹងការបង្កើនតម្លៃកសិផល របស់ប្រជាពលរដ្ឋ។
នៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិននេះ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព បានកំពុងជំរុញបន្ថែមនូវការ ពង្រឹងកិច្ចសហប្រតិ្តបតិការ ជាមួយប្រទេសថៃ ដើម្បីប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមួយ ដែលមាន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យល្អប្រសើឡើង។
សូមរំលឹកថា ផ្លូវមួយខ្សែដែលកសាងក្នុងជំហានទី១ កាលពីឆ្នាំ២០១៦នោះ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ មានស្ពានចំនួន ៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់ចំនួន៩កន្លែង ហើយកសាងចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះជាផ្លូវក្រាល គ្រួសថ្មភ្នំ ជំហានដំបូងស្របតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គ្រោងដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ៕