(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ សាន់វ៉ាលលេ (Valley International School) ចាប់ពីថ្នាក់ទី៣ រហូតដល់ថ្នាក់ទី៦ ត្រូវបានបំប៉ន ចំណេះដឹងអំពីសុវត្ថិភាព ម្ហូបអាហារ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមន្ត្រីជំនាញមកពីអគ្គ្គនាយកដ្ឋានកាំកុងត្រូល។
លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោលសុវត្ថិភាព ម្ហូបអាហារដែលមកពីសាខាកាំកុងត្រូល ផែស្ងួតចុងទី-ភ្នំពេញ ជាអ្នកដឹកនាំកម្មវិធីនេះបានថ្លែងថា ជាការសំខាន់ណាស់ ដែលកុមារតូចៗត្រូវមានចំណេះដឹង សុវត្ថិភាព ម្ហូបអាហារ ដូចមនុស្សធំពេញវ័យដែរ។ ប្អូនៗត្រូវការការយល់ដឹង អំពីរបៀបនៃការកំចាត់ និងទប់ស្កាត់ ការលូតលាស់របស់បាក់តេរីបង្កគ្រោះថ្នាក់ ដល់សុខភាពនៅក្នុងចំណីអាហារ តាមវិធីសាសន៍សាមញ្ញៗ ហើយ អ្នកណាក៍អាចធ្វើបាន ប៉ុន្តែវាមានសុវត្ថិភាពបំផុត។ ស្របគ្នានេះប្អូនៗ ក៏ត្រូវមានការយល់ដឹង អំពីការធ្វើអនាម័យ មុននិងក្រោយចំអិនអាហារ ការធ្វើអនាម័យមុននិងក្រោយបរិភោគអាហារ ផងដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ក្នុងកម្មវិធីនេះ លោកក៏បានរៀបចំឲ្យមានការ បញ្ចាំងវីដេអូ ឲ្យសិស្ស មើលអំពីរប្រភេទបាក់តេរី ដែលជាទូទៅមានក្នុងចំណីអាហារ របៀបធ្វើអនាម័យ និងរបៀប លាងដៃជំរះបាក់តេរី ហើយអោយសិស្សអនុវត្តផ្ទាល់តែម្តង។
លោកក៏ បានបង្កលក្ខណៈឲ្យសិស្សអនុវត្តផ្ទាល់ អំពីរបៀបជ្រើសរើសម្ហូបអាហារវេចខ្ចប់ តាមរយៈការមើលកាលបរិច្ឆេទ ការមើលសំបកវេចខ្ចប់ ដូចជាសំបកខ្ចប់វេចមិនច្រេះ មិនកំពិត មិនប៉ោង មិនមានស្នឹម មិនធ្លុះធ្លាយ មិនរហែក...ជាដើម។
មន្ត្រីជំនាញកាំកុងត្រូល ក៏បានបង្ហាត់បង្ហាញប្អូនៗ ឲ្យចេះសង្កេតមើលទីតាំងនៃការតាំងលក់ របៀបនៃការតាំងលក់ និងអនាម័យនៃការធ្វើម្ហូបអាហារ មុននឹងសំរេចចូលបរិភោគនៅហាងណាមួយ ឬទិញយកមកបរិភោគពីកន្លែងលក់គ្រឿងបរិភោគណាមួយ។
សារសំខាន់នៃអាហាររូបត្ថម្ភនិងរ៉ែខនិខចំបាច់មួយចំនួន សំរាប់ទ្រទ្រង់សុខភាព និងភាពឈ្លាសវៃក្នុងការសិក្សា ក្នុងនោះមានសារសំខាន់ក្នុងរបស់ «អ៊ីយ៉ូត» ដែលមានក្នុងប្រភេទបន្លែផ្លែឈើមួយចំនួន និងត្រូវបានដាក់ បន្ថែមក្នុងអំបិលអ៊ីយ៉ូត ក៏ត្រូវបានលើកយកមកបង្ហាញក្នុងពេលនេះដែរ៕