(ភ្នំពេញ)៖ ការប្រគល់ប្រាក់ ១លានដុល្លារ របស់កាកបាទក្រហមកម្ពុជា ដល់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងស្នាក់ការរបស់កាកបាទក្រហមកម្ពុជា នៅក្នុងជំនួបរវាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយលោក Dr. Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា, នេះបើតាមប្រភពព័ត៌មានពីមន្រ្តីកាកបាទក្រហមកម្ពុជា។
មន្រ្តីកាកបាទក្រហមកម្ពុជា បាននិយាយថា ការផ្តល់ជំនួយនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះព្យាបាលកុមារ ក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំមានសប្បុរស ជនជាច្រើនបានចូលរួមឧបត្ថម្ភថវិកា ដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលជំនួយធំៗចេញពីប្រទេសកម្ពុជា មានដូចជា រាជរដ្ឋាភិបាលកម្ពុជា ១លានដុល្លារ, កាកកបាទក្រហម ១លានដុល្លារ និងមូលធិនិបាយ័ន ៣០ម៉ឺនដុល្លារជាដើម ប៉ុន្តែជំនួយទាំងនេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងការចំណាយប្រចាំឆ្នាំ របស់មន្ទីរពេទ្យនេះ ដែលភាគច្រើន ទទួលបានជំនួយពីក្រៅប្រទេស៕