(ប៉ោយប៉ែត)៖ ក្រុមគ្រូពេទ្យនៅមនី្ទរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh​ News​ នៅមុននេះបនិ្តថា បុរសម្នាក់ដែលរងគ្រោះដោយសារប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ចមិនបានបាត់បង់ជីវិតនោះទេ គឺកំពុងសម្រាកព្យាបាលនៅមនី្ទរបង្អែកក្រុងប៉ោយប៉ែត។

ជនរងគ្រោះឈ្មោះ ម៉ៅ ស៊ុន ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ បានប្រាប់ FRESH NEWS ថា គាត់បានសន្លប់អស់ជាង ១ម៉ោង ហើយរូបគាត់មានវ័យ ៣២ឆ្នាំ មានកូន ២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់អាយុ ៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និងប្រពន្ធឈ្មោះ រ៉ាន់ ស្រីម៉ៅ។

សូមជម្រាបថា ការប៉ះទង្គិចឈានដល់ការប្រើហិង្សា និងផ្ទុះអាវុធជាង ១០គ្រាប់ ព្រមទាំងវាយបំផ្លាញអគារ និងរបងរបស់ការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ដោយសារមានការផ្ទុះកំហឹង និងពាក្យចចាមអារ៉ាមថា ជនរងគ្រោះម្នាក់ដែលរងរបួស ដោយសារការប៉ះទង្គិចគ្នា ជាមួយស​មត្ថកិច្ចនោះបានបាត់បង់ជីវិត ប៉ុន្តែនៅខណៈនេះគ្រូពេទ្យ និងអធិការក្រុងប៉ោយប៉ែត ក៏បានបញ្ជាក់ថា ជនរងគ្រោះមិនមានអ្វីនោះទេ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា​នេះ មានករណីនាំគ្នាតវ៉ាពីសំណាក់កម្មករអូសរទេះជាង ១០០នាក់ ដោយនាំគ្នាតវ៉ានិងទាមទារ​ឲ្យខាង ប្រធាននាយកដ្ឋានគយ និងរដ្ឋាករ លោក ឈួន ហៃ ចេញមកដោះស្រាយជាមួយនឹងពួកគាត់ ពាក់ព័ន្ធរឿងរ៉ាវគាបសង្កត់ទៅលើរកស៊ី របស់ពួកគាត់នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ៕​​