(ស្វីស)៖ ក្រុមអាជ្ញាធរអាម៉េរិក បានចាប់ផ្តើមបើកប្រតិបត្តិការស៊ើបអង្កេត ក៏ដូចជាតាមចាប់ខ្លួនមន្រ្តី FIFA ទាំងឡាយណាដែលមានការជាប់ពាក់ព័ន្ធ ទៅនឹងសំណូកគិតជាទឹកប្រាក់អាចមានចំនួន ១៥០លានដុល្លារអាម៉េរិកជាង ២០ឆ្នាំ នេះ បន្ទាប់ពីការចាប់ខ្លួនមន្រ្តីកំពូលៗរបស់ FIFA រហូតដល់ ៧នាក់គិតមកដល់ពេលនេះ គ្រាដែលពួកគេបានមកដល់ប្រទេសស្វីស ដើម្បីចូលរួមបោះឆ្នោតក្នុងអាណត្តិទី៥ របស់លោក Sepp Blatter ទល់នឹងព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានី Ali Bin Al-Hussein ល្ងាចស្អែកនេះ ។

ព្រះអង្គម្ចាស់ Ali Bin Al-Hussein (ឆ្វេង), លោក Sepp Blatter (ស្ដាំ)

ការបើកប្រតិបត្តិការដែលមានលក្ខណៈកាន់តែក្តៅខ្លាំងឡើង និងឈានទៅដល់បទឧក្រិដ្ឋនេះ គឺមានការជាប់ពាក់ ព័ន្ធទៅនឹងសំណូក លុយរាប់កោដដុល្លារដែលបានធ្វើចរាចរណ៍ នៅពេលបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup ម្តងៗចាប់ តាំងពីឆ្នាំ២០០៤ មកពីបណ្តាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ជាពិសេសមាន ម៉ូរ៉ុក អេហ្ស៊ីប និងអាហ្រ្វិកខាងត្បូងជាដើម ជាមួយនឹងអ្នកពាក់ព័ន្ធខ្លាំងបំផុតគឺលោក Jack Warner អតីតអនុប្រធាន និងជានាយកប្រតិបត្តិគណៈកម្មាធិការ FIFA មានការជាប់ពាក់ព័ន្ធខ្លាំងជាងគេ ដែលត្រូវបានរកឃើញជាបន្តបន្ទាប់តាមរយៈលោកស្រី Lynch ថ្លែងប្រាប់សារព័ត៌មាន New York Times ។

លោក Jack Warner

លោក Jack Warner ទទួលបានសំណូក ១លានដុល្លារ ពេលគាត់បានធ្វើដំណើរទៅប្រទេសម៉ូរ៉ុក ក្នុងឆ្នាំ២០០៤ ជាថ្នូរនឹងការជួយឲ្យប្រទេសណាមួយ ស្ថិតនៅតំបន់ទ្វីបអាហ្រ្វិកឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០១០ និងទទួលបាន ១០លានដុល្លារបន្ថែមទៀត ពីរាជរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង ក្រោយជួយឲ្យប្រទេសនេះឈ្នះសិទ្ធិ World Cup ឆ្នាំ ២០១០ មុនពេលបោះឆ្នោត ២សម័យកាលទៅមុខទៀតពោលគឺ World Cup 2018 និងឆ្នាំ២០២២ ដែលរុស្ស៊ី និងកាតាឈ្នះសិទ្ធិនោះ គឺមានទំហំទឹកប្រាក់ពុករលួយរហូតដល់ទៅ ១៥០លានដុល្លារឯណោះ ក្នុងចំណោមបក្ខពួក ១៤នាក់របស់គាត់ ។

រហូតដល់ឆ្នាំការប្រកួត World Cup ឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់លោក Warner ក៏បានបញ្ជូនសាច់ញាតិរបស់ខ្លួន មកកាន់ទីក្រុងប៉ារីស ដើម្បីទទួលសែកដែលមានទឹកប្រាក់ ១០០០០ដុល្លារផងដែរ មុនពេលការបោះឆ្នោតប្រធាន FIFA ឆ្នាំ២០១១ ក្នុងអាណត្តិទី៤ របស់លោក Sepp Blatter ក្នុងការរៀបចំលទ្ធផលទុកជាមុន និងបញ្ចុះបញ្ចូលសហព័ន្ធមក ពីប្រទេសនីមួយៗទូទាំង ២០៩ប្រទេស ដែលជាសមាជិករបស់ FIFA ដែលទទួលបានសំណូក ៣៦០ ០០០ដុល្លារ និងប្រាក់បន្ថែមក្នុងស្រោមសំបុត្រចំនួន ៤០០០០ដុល្លារទៀត ក្រោយការបោះឆ្នោតទទួលបានជោគជ័យ ៕