(ស្វីស)៖ លោក Jack Warner មានវ័យ ៧២ឆ្នាំ ក្រោយកំណើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៤៣ ដែលជាអ្នកនយោបាយ និងពាណិជ្ជករជនជាតិ Trinidad និង Tobago ប្រទេសស្ថិតក្នុងទ្វីបអាហ្រ្វិក ។

លោក Jack Warner បានចូលបម្រើការងារក្នុងវិស័យកីឡា នៃស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ក្នុងឆ្នាំ១៩៨៣ ដោយទទួលបានងារ ២ គឺអនុប្រធាន និងជានាយកប្រតិបត្តិគណៈកម្មាធិការប្រតិបត្តិ FIFA មុន ៧ឆ្នាំក្រោយ មកបានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្រចាំទ្វីបអាម៉េរិកខាងជើង CONCACAF និងបន្តដឹកនាំរហូតដល់បច្ចុប្បន្ន ក្រោយជាប់ឆ្នោតជាថ្មីនៅដើមឆ្នាំ២០១១ ។ តែរហូតដល់ចុងឆ្នាំ២០១១ លោក Jack Warner បានលាលែងពីតំណែងអនុប្រធាន និងជាគណៈកម្មាធិការប្រតិបត្តិ ក្នុង FIFA វិញ ក្រោយមានការចុះផ្សាយយ៉ាងច្រើន ជុំវិញការបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨ និង ២០២២ ដែលរុស្ស៊ី និងកាតា ឈ្នះសិទ្ធិដែលបង្កប់ទៅដោយអំពើពុករលួយជាច្រើន ។

ក្រៅពីកិច្ចការក្នុងវិស័យកីឡា ដ៏មានប្រជាប្រិយភាពមួយនេះ លោក Jack Warner ក៏ជារដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេស Trinidad និង Tobago ដែរ ហើយបានជាប់ឆ្នោតជាសមាជិកសភាទៀតផង ចាប់ពីឆ្នាំ២០០៧ រហូតដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ទើបឈប់ ក្នុងនាមជាគ្រូប្រវត្តិវិទ្យាមួយរូបថែមទៀត ។

ជាមួយគ្នានោះដែរ ក្រោយពីលោក Jack Warner បានលាងលែងពីតំណែងទាំងអស់នៅក្នុង FIFA ក្រុមមន្ត្រីក្រោមឱវាទជាច្រើនរូប បានចាប់ផ្តើមធ្វើការស៊ើបអង្កេត និងចុះផ្សាយជាបន្តបន្ទាប់ ជុំវិញបញ្ហាអំពើពុករលួយកាលបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup 2018 និង 2022 កាន់តែផុសផុលខ្លាំងឡើង និងឈានដល់ការចាប់ខ្លួនលោក Jack Warner រួម ជាមួយបក្ខពួក ៦នាក់ផ្សេងទៀត ក្នុងចំណោម ១៤នាក់ ដែលពាក់ព័ន្ធក្នុងរឿងអំពើពុករលួយ មានទំហំទឹកប្រាក់រហូតទៅ១ ៥០លានដុល្លារអាម៉េរិក ក្នុងខណៈដែលបានធ្វើដំណើរមកដល់ទីក្រុង Zurich ប្រទេសស្វីសម្សិលមិញ ដើម្បីចូលរួមបោះឆ្នោតក្នុងអាណត្តិទី៥ របស់លោក Sepp Blatter ទល់នឹងព្រះអង្គម្ចាស់ប្រទេសហ្សកដានី Ali Bin Al-Hussein ល្ងាចស្អែកនេះ ៕