(ភ្នំពេញ)៖ បងស្រីរបស់យុវជនម្នាក់​ ដែលស្លាប់ពេលមើលការប្រគំតន្រ្តីនៅកោះពេជ្រ បន្ទាប់ពីចូលរួមកម្មវិធី «លាបពណ៌ផ្លូវប្រណាំង» Color Race Concert   ដែលរៀបចំដោយក្រុមហ៊ុន Metfone បានឱ្យ Fresh News ដឹងថា គ្រួសាររបស់ជនរងគ្រោះ បានសម្រេចទាមទារសំណង៥ពាន់ដុល្លារ ពីក្រុមហ៊ុន Metfone ដែលទទួលខុសត្រូវ ក្នុងការរៀបចំ​កម្មវិធីខាងលើ នៅកោះពេជ្រ ហើយគ្រួសាររបស់បងស្រីនឹងដាក់ពាក្យបណ្ដឹងនៅពេលរៀបចំពិធីបុណ្យសពបញ្ចប់រួរាល់។

អ្នកស្រី អ៊ុច ចន្ធូ ជាបងស្រីរបស់យុវជន អ៊ុច ចាន់ថន បានដួលសន្លប់នៅខាងមុខការប្រគំតន្រ្តី Metfone នៅពេលដែលបាញ់ស្រ្ពាយសាទរ ហើយបានស្លាប់ ពេលដឹកតាមផ្លូវទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បាន​ប្រាប់ Fresh News ឱ្យដឹងថា អ្នកស្រីសូមអំពាវនាវឱ្យអាជ្ញាធររាជធានីភ្នំពេញ បើកការស៊ើបអង្កេតមួយ ដើម្បីរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យប្អូនប្រុសរបស់នាងស្លាប់ ហើយថា គ្រួសារនឹងពិចារណា ក្នុងការដាក់ពាក្យបណ្តឹង ទៅលើករណីនេះ នៅពេលរៀបចំពិធីបុណ្យសពបញ្ចប់រួចរាល់

តាមការបញ្ជាក់របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពណ៌ (Color Race) រៀបចំដោយក្រុមហ៊ុន Metfone កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ គឺមិនមានការអនុញ្ញាតពីស្ថាប័នជំនាញពិសេស ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិជំនាញណាមួយឡើយ, នេះបើតាមការប្រកាសបឋម របស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ មានយុវជនសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនវត្តភ្នំម្នាក់ ឈ្មោះ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ បានដួលសន្លប់ ហើយបានស្លាប់ពេលកំពុងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីចូលរួមកម្មវិធី «លាបពណ៌ផ្លូវប្រណាំង» Color Race Concert  ដែលរៀបចំដោយ ក្រុមហ៊ុន Metfone ។ ការស្លាប់របស់យុវជននេះ ត្រូវបានមិត្តភក្តិរបស់គេ អះអាងថា បណ្តាលមកពីការបាញ់ស្រ្ពាយណែនតាន់តាប់ នៅលើមុខ ប៉ុន្តែត្រូវអាជ្ញាធរបដិសេធដោយអះអាងថា បណ្តាលមកពីខ្យល់គរ និងបញ្ហាសុខភាពទៅវិញ ។

ចំពោះករណីខាងលើនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះ តំណាងក្រុមហ៊ុន Metfone ក៏បានយកថវិកាប្រមាណ២ពាន់ដុល្លារ ទៅចូលរួមបុណ្យសព យុវជនខាងលើផងដែរ។

យ៉ាងណាក៏ដោយរហូតដល់ពេលនេះ Fresh News មិនទាន់អាចទាក់ទង សុំការឆ្លើយតប ពីតំណាងក្រុមហ៊ុន Metfone បាននៅឡើយទេ៕

www.freshnewsasia.com

www.freshnewsasia.com

 

Posted by Lim Cheavutha on Sunday, May 31, 2015