(ស្វីស)៖ អតីតកីឡាករឆ្នើមរបស់បារាំងលោក David Ginola និងព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានី Ali Bin Al-Hussein ដែលទើបតែចាញ់ឆ្នោត បានប្រកាសឈរឈ្មោះជាថ្មីសម្រាប់តំណែងប្រធាន FIFA ក្រោយពេលប្រធានបច្ចុប្បន្នលោក Sepp Blatter បានប្រកាសលាឈប់ភ្លាមៗដោយមិននឹកស្មាន ។
តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា ការប្រកាសឈរជាថ្មីនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិស្វីស វ័យ ៧៩ឆ្នាំ បានប្រកាសថា រូបលោកនឹងដើរចេញពី ប្រធានសហព័ន្ធគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA មួយនេះ ក្រោយដឹកនាំអស់រយៈពេល ១៧ឆ្នាំ តាំងពីឆ្នាំ១៩៩៨មក និងបានស្នើសុំឲ្យមានប្រជុំវិសាមញ្ញ ជាបន្ទាន់ថ្មីមួយទៀត ដើម្បីធ្វើការជ្រើសរើសប្រធានថ្មី មុននឹងរូបលោកចុះចេញជាផ្លូវការ ។
គួរបញ្ជាក់ថា នេះជាការប្រកាសលាឈប់ដោយស្មានមិនដល់មួយ ខណៈដែលទើបតែជាប់ឆ្នោតមិនទាន់បាន ១សប្តាហ៍ផងនោះ ដោយមានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ១៣៣សំឡេង ខណៈដែលគូប្រជែង Prince Ali មានតែ ៧៣សំឡេងប៉ុណ្ណោះ ហើយលោក Sepp Blatter ក៏ធ្លាប់បានប្រកាសដែរថា «ខ្ញុំមិនមានការពាក់ព័ន្ធជាមួយនឹងមន្រ្តីទាំង ១៤រូប ដែលមានរឿងអាស្រូវពុករលួយនោះឡើយ គ្រាដែលមន្រ្តីជាន់ខ្ពស់ ៧រូប ត្រូវបានចាប់ខ្លួនក៏ដោយ អ្វីដែលសំខាន់នោះ គឺខ្ញុំយកចិត្តទុកដាក់ដឹកនាំ FIFA និងធ្វើឲ្យបានល្អក្នុងអាណត្តិថ្មីនេះតែប៉ុណ្ណោះ» ។
ជាមួយគ្នានោះដែរប្រធានាធិបតីរុស្ស៊ីលោក Putin ក៏បានសម្តែងក្តីខកបំណងផងដែរចំពោះលោក Blatter ដែលដក ខ្លួនចេញយ៉ាងតក់ក្រហល់បែបនេះ ខណៈដែលលោកបានសាទរយ៉ាងខ្លាំង ចំពោះការជាប់ឆ្នោតក្នុងអាណត្តិទី៥ របស់លោក Blatter ក្រោយមានសំឡេងគាំទ្រឈ្នះដាច់ ជាមួយនឹងការរំពឹងផែនរៀបចំធ្វើម្ចាស់ផ្ទះ World Cup 2018 នៅ ក្នុងប្រទេសរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន ដែលសុទ្ធបានទទួលស្គាល់ថា សកម្មភាពទាំងអស់នេះមានតែអាម៉េរិកមួយគត់ នៅពីក្រោយខ្នងដូចគ្នា ចុះហេតុអ្វីបានជាបែបនេះទៅវិញ? ៕
ព្រះអង្គម្ចាស់ Ali Bin Al-Hussei និងលោកលោក David Ginola