(កំពង់ធំ)៖ ដោយមើលឃើញពីការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា នោះសមាជិក សមាជិកា គណបក្សសង្រ្គោះជាតិចំនួន១៨០នាក់ទៀត នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានបន្តចាកចេញពីបក្សមួយនេះ ហើយពួកគេបានមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង តំណាងរាស្រ្តមណ្ឌលកំពង់ធំ គណបក្សប្រជាជនកម្ពុជា លោក ជា អឿង បានអញ្ជើញទទួលស្វាគមន៍ក្រុមសកម្មជនទាំងនេះ។
អតីតក្រុមសកម្មជនបក្សប្រឆាំងទាំងនេះ បានលើកឡើងថា «ការចាកចេញរបស់ពួកគេ ដោយសារតែមេដឹកនាំគណបក្សសង្រ្គោះជាតិ បាននិយាយបោកប្រាស់ភូតកុហកប្រជាពលរដ្ឋ រហូតទៅដល់ប្រជាពលរដ្ឋ ដែលជាសាជិកគណបក្សរបស់ខ្លួន អស់ជំនឿទុកចិត្ត»។
ក្នុងឱកាសនោះលោក ជា អឿង បានថ្លែងអំណរគុណ បងប្អូនទាំងអស់ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ ព្រោះថា គណបក្សប្រជាជនកម្ពុជា អ្នកណាក៏អាចមករួមរស់ជាមួយបានដែរ។ លោកសូមឲ្យសមាជិកទាំងអស់ត្រូវស្មោះស្ម័គ្រ ជាមួយគណបក្ស មានភាពជឿជាក់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។
បន្ថែមពីនេះ លោកបានណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយបេក្ខជនឈរឈ្មោះ សាខាបក្សភូមិ យុវជនភូមិ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយល់ពីសន្តិភាព ត្រូវពង្រឹងការគ្រប់គ្រង និងសាមគ្គីផ្ទៃក្នុង ចំពោះសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់ខ្លួន ឲ្យមានភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅ ដណ្តើមជោគជ័យក្នុងការបោះឆ្នោត។
លោក ជា អឿង ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ ត្រូវអនុវត្តឲ្យ បានត្រឹមត្រូវនូវគោលនយោបាយ របស់គណបក្សប្រជាជន គឺដើម្បីប្រជាជន និងផលប្រយោជន៍របស់ប្រជាជន ត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ ដែលជួបការលំបាក និងជួយដោះស្រាយនូវបញ្ហាប្រឈមជូនគាត់។ ចុងក្រោយលោកបានសំណូមពរ ដល់បងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ៕