(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានយកប្រាក់ចំណេញរបស់ខ្លួន មួយចំនួនជួយដល់ការអភិវឌ្ឍន៍សង្គម ជួយលើកកម្ពស់វិស័យអប់រំ និងមនុស្សធម៌ផ្សេងៗ នៅតាមបណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនានានៅតាមជនបទក្នុងប្រទេសកម្ពុជា។

នេះតាមការថ្លែងរបស់លោក ស៊ូ វណ្ណថន នាយកប្រតិបត្តិគ្រប់គ្រង ធនធានមនុស្ស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីប្រគល់បង់ និងកៅអីថ្មដុសចំនួន១០ឈុត និងសម្ភារផ្សេងៗ ជូនដល់វិទ្យាល័យព្រះយុគន្ធរ។

លោក ស៊ូ វណ្ណថន បានបញ្ជាក់ថា៖ «ប្រាសាក់បានប្រើប្រាស់ប្រាក់ ចំណេញមួយចំនួនជូនសហគមន៍ និងអតិថិជនតាមរយៈគម្រោង អភិវឌ្ឍសង្គមជាច្រើនដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ សម្រាប់អតិថិជនដែលទទួលរងគ្រោះថ្នាក់ ឬ ជួបគ្រោះមហន្តរាយធម្មជាតិ ឧបត្ថម្ភនិងបរិច្ចាគក្នុងកិច្ចការសង្គមនិងមនុស្សធម៌ផ្សេងៗ ជាពិសេសបានសាងសង់ អគារបណ្ណាល័យ និងបំពាក់សម្ភារបណ្ណាល័យនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានានៅតាម តំបន់ជនបទនៃប្រទេសកម្ពុជា»។

លោកក៏បានបន្ថែមទៀតថា៖ «ប្រាសាក់មានសេចក្តីរីករាយ ក្នុងការជួយលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើង។ ពិធីប្រគល់បង់ កៅអីថ្មដុស និងសម្ភារសិក្សាមួយចំនួននៅថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់យើងចំពោះសង្គម»។

ជាចុងបញ្ចប់ លោក វណ្ណថន បានផ្តល់ដំបូន្មានល្អៗដល់សិស្សានុសិស្សដែលកំពុងតែសិក្សានៅវិទ្យាល័យព្រះយុគន្ធរ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចក្តីបំណងដ៏ត្រចះត្រចង់នាពេលអនាគត។

ក្នុងឱកាសនោះដែរ លោក នង ប៊ុនហេង នាយកវិទ្យាល័យព្រះយុគន្ធរ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសម្ដែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រាសាក់ ដែលបានផ្តល់សម្ភារទាំងនេះដើម្បីឆ្លើយតបតាមតម្រូវការខ្វះខាតរបស់យើងខ្ញុំ។ យើងខ្ញុំសន្យាថា យើងនឹងប្រើប្រាស់សម្ភារទាំងនេះឲ្យអស់លទ្ធភាព និងថែរក្សាឲ្យបានយូរគង់អង្វែង »៕