(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមក្នុងពិធី ប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន២៦០នាក់ ដែលមកពីគណបក្សសង្គ្រោះជាតិ សុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន កម្ពុជា។
តំណាងសមាជិកសមាជិកា ដែលសុំចូលរួមជាសមាជិកគណបក្សប្រជាជន បានលើកឡើងអំពីការអស់សង្ឃឹម អស់ជំនឿចិត្ត លើការដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន និងចាញ់ឧបាយកលបោកប្រាស់ ការសន្យាខ្យល់ បក្ខពួកនិយមក្នុងជួរគណបក្ស ទើបពួកគាត់មិនអាចរស់នៅជាមួយ គណបក្សប្រឆាំងបានតទៅទៀត ហើយបានស្វែងយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយដឹកនាំត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ ធ្វើឲ្យប្រទេសមានស្ថេរភាព បញ្ចប់សង្គ្រាបរ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រុមសកម្មជនទាំងនេះបានបន្តថា ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទីមួយថ្ងៃ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទើបធ្វើឲ្យខ្លួនស្ម័គ្រចិត្ត សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ រីកចម្រើនបន្ថែមទៀត។
លោក នុត ពុធដារ៉ា បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សមាជិកសមាជិក ទាំង២៦០នាក់ ដែលបានជ្រើសរើស ក្នុងការចាកចេញពីគណបក្សរបស់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះលោកបានអំពាវនាវឲ្យ សមាជិកសមាជិកាថ្មីទាំងអស់ ត្រូវតែគោរពឲ្យបាននូវលក្ខន្តិកៈគណបក្ស និងមានទំនាក់ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ ដើម្បីគណបក្សមានលទ្ធភាព ក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិបន្តទៅមុខទៀត ព្រមទាំងជួយណែនាំ ដល់សមាជិកគ្រួសារ បងប្អូន មិត្តភ័ក្ត្រ ឲ្យបានយល់អំពីគុណសម្បត្តិរបស់គណបក្សប្រជាជន ជៀសវាងការចាញ់ឧបាយកលបោកប្រាស់ ប្រជាភិថុត របស់គណបក្សប្រឆាំង៕