(ភ្នំពេញ)៖ ក្រៅពីប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា, អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បី និងសកម្មបំផុតកញ្ញា ធី សុវណ្ណថា បានប្រកាសអះអាងថា ធ្លាប់ទទួលការញុះញង់បណ្តុះបណ្តាលមនោគមវិជ្ជាចងគំនុំហិង្សាជាមួយពលរដ្ឋខ្មែរ ដោយលាបពណ៌ខ្មែរថាជាយួន ពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «នាងខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះពាក្យសម្ដីខុសឆ្គងកន្លងមក ដោយនាងខ្ញុំ នៅក្មេងគំនិតរាក់ និងមានទទួលការញុះញ៉ង់ បណ្ដុះបណ្ដាលមនោគមវិជ្ជា ចង់គំនុំហិង្សា (លាបព័ណ៌ជនជាតិខ្មែរថាជាយួន) ពីថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ។ នាងខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រ ទាំងអស់នៃគណបក្សប្រជាជនកម្ពុជា»។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ពីមូលហេតុថា «នាងបានស្វែងយល់ការពិត ពីស្ថានភាពពិតនៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើនកាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច មានគោលនយោបាយល្អ ច្បាស់លាស់ និងបានកែប្រែជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនឡើង»។
កញ្ញា ធី សុវណ្ណថា ក៏បានស្នើសុំសម្ដេច ផ្ដល់ឱកាសដល់រូបនាង សកម្មជន យុវជន និងអ្នកគាំទ្រជាង១០ម៉ឺននាក់ ចូលរួមពីជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរក្សាសន្ដិភាព និងបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕