(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia របស់ម៉ាឡេស៊ី នាថ្មីៗនេះ បានចេញសេចក្តីប្រកាសមួយ ដោយអំពាវនាដល់សាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឆបោក តាមប្រព័ន្ធអនឡាញ និងបណ្តាញសង្គម អំពីការផ្តល់សំបុត្រជិះយន្តហោះ Free ដោយប្រើឈ្មោះ «AirAsia»។
សេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (scam) នេះ បានដាក់តំណភ្ជាប់ផ្ទាល់ទៅកាន់អាសយដ្ឋានគេហទំព័រ www.airasia.com-2017-givea.us ហើយតម្រូវឱ្យអ្នកចូលរួម ត្រូវឆ្លើយសំណួរដើម្បីទទួលបានលេខកូដរង្វាន់ (Vouccher) ។ បន្ថែមពីនេះ នៅមានករណីឆបោកផ្សេងៗទៀត កំពុងចរាចរណ៍នៅលើប្រព័ន្ធហ្វេសប៊ុក (Facebook) តាមរយៈការផ្ដល់ជូននូវសំបុត្រ Free ពី AirAsia ចំនួន ២៦៨សំបុត្រ ដោយភ្ជាប់ពីការអបអរខួបលើកទី២៨ របស់ក្រុមហ៊ុន AirAsia។
ក្រុមហ៊ុនបានបញ្ជាក់ថា «យើងខ្ញុំសូមបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើប្រព័ន្ធទាំងពីរខាងលើ គឺជាការបោកប្រាស់ ដោយប្រើយីហោឈ្មោះ AirAsia ដោយគ្មានសិទ្ធិអនុញ្ញាត ក្នុងគោលបំណង ទាក់ទាញសាធារណជន ចូលរួមតាមគំនិតផ្ដួចផ្ដើមនូវផែនការរបស់ពួកគេ។ យើងខ្ញុំសូមជូនជាយោបល់ប្រឹក្សាថាសាធារណជន មិនគួរចាប់អារម្មណ៍ ការឆបោកនោះទេ ហើយក៏មិនត្រូវចុចលើតំណ (Link)ណាមួយ ដែលតម្រូវឱ្យបំពេញព័ត៌មានលម្អិតរបស់ខ្លួន របស់លោកអ្នកដែរ»។
ក្រុមហ៊ុន AirAsia មិនទទួលខុសត្រូវចំពោះបញ្ហាណាមួយ ដែលបានកើតឡើងពីផែនការក្លែងក្លាយខាងលើនោះទេ ហើយអះអាងថា គ្រប់សេចក្ដីប្រកាសផ្លូវការទាំងអស់ ត្រូវបានធ្វើឡើង តាមប៉ុស្តិ៍ផ្លូវការរបស់ AirAsia និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលទុកចិត្តបាន។ AirAsia ក៏នឹងមិនខ្លាចក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គល ឬក្រុមណា ដែលបានរៀបចំនូវផែនការខុសច្បាប់ទាំងនេះ ដោយប្រើយីហោ AirAsia ឡើយ។
សម្រាប់អ្នកដែលមានការសង្ស័យ ឬមានសេចក្ដីរាយការណ៍អំពីករណីសង្ស័យឆបោក ដោយប្រើស្លាកយីហោ AirAsia សាធារណជនអាចទាក់ទងក្រុមហ៊ុន
AirAsia តាមរយៈមធ្យោបាយទំនាក់ទំនងផ្លូវការ ខាងក្រោម៖ Facebook: www.facebook.com/airasia, Twitter: www.twitter.com/airasia និង វេបសាយ AskAirAsia: www.airasia.com/ask ជាដើម៕