(ភ្នំពេញ)៖ ខ្ញុំជាសមាជិកជនរងគ្រោះម្នាក់ដ៏ឈឺចាប់បំផុត ខ្ញុំមិនអាចបំភ្លេចបានអំពីការបាត់បង់លោកតា លោកយាយ លោកអ៊ំ មីងមា និងបងៗជាទីស្រលាញ់ បំផុតរបស់ខ្ញុំដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបវាលពិឃាត ប៉ុលពត ហើយដែលសព្វថ្ងៃនេះ គ្មានសូម្បីតែធាតុរបស់គាត់ទាំងអស់គ្នា ក៏មិនដឹងទៅរកនៅ ឯណាដើម្បីរក្សាទុកអុជធូករំលឹកគុណបានទៀតផងនោះ! អ្វីដែលរឹតតែឈឺចាប់គឺសូម្បីតែរូបថតរបស់ពួកគាត់ក៏គ្រួសារគ្មានសិទិ្ធរក្សាទុកផង។

គ្រួសារខ្ញុំមួយចំនួនទៀតបានចាកចេញឆ្ងាយពីប្រទេសដើមកំណើតរបស់ខ្លួន ទៅរស់នៅលើប្រទេសដទៃ ដែលមិនមែនជាប្រទេសដើមកំណើតរបស់ខ្លួន តាំងពីសម័យសង្គ្រាមរបប ប៉ុលពត មកម្ល៉េះ។ ម្តាយឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំថា «ផឹកទឹកឱ្យនឹកឃើញប្រភព» «កុំភ្លេចកំណើតដើម» «កុំរមើសគុណគេជួយយើង» «កុំធ្វើដូចសត្វក្រពើ» ។ល។

ពាក្យដាស់តឿនទាំងនេះហើយដែលធ្វើឱ្យ ខ្ញុំនិងក្រុមគ្រួសារ មិនអាចបំភ្លេចគុណបំណាច់អ្នក ដែលបានមកសង្គ្រោះប្រទេសជាតិ និងក្រុមគ្រួសារខ្ញុំ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជារបបដ៏យ៉ង់ឃ្នងកាប់សម្លាប់ប្រជាជនខ្មែរយ៉ាងព្រៃផ្សៃជាទីបំផុត។

ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ខ្ញុំមានវាសនាបានកើតនៅលើទឹកដីខ្មែរ ខ្ញុំមិនអាចបំភ្លេចបាននូវគុណគ្រូពេទ្យនិងឆ្មប នៃមណ្ឌលសុខភាពក្បាលថ្នល់ ដែលម្តាយឪពុកខ្ញុំបានរៀបរ៉ាប់ប្រាប់ខ្ញុំ ពីការយកចិត្តទុកដាក់របស់គាត់ដើម្បីសុវត្ថិភាពនៃការឆ្លងទន្លេររបស់ម្តាយខ្ញុំ។ នៅពេលធំដឹងក្តី ខ្ញុំបានឃើញការអភិវឌ្ឍ ប្រទេសជាជំហ៊ានៗ ខ្ញុំបានចូលសាលារៀន ចាប់តាំងពីមត្តេយ្យសិក្សា រហូតដល់សាកលវិទ្យាល័យ ដោយគ្មានការភ័យខ្លាច ត្រូវលួចរៀន ឬគេចគ្រាប់ផ្លោងនោះទេ។

នៅពេលដែលសម័យវិទ្យាទំនើបបានចូលមកដល់ស្រុកខ្មែរ ខ្ញុំមានឱកាសដើម្បីរៀនប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទដៃទំនើប ដែលពីមុនត្រូវដើរសុំជួលអ៉ិនធឺណែត គេប្រើប្រាស់នៅតាមផ្ទះគេ តាំងពីសុំជួលទូរស័ព្ទគេតាមផ្លូវថ្នល់ដើម្បីនិយាយរហូតដល់បច្ចុប្បន្ននេះ ក្រុមគ្រួសារខ្ញុំគ្រប់គ្នា មានទូរស័ព្ទដៃប្រើ មានអ៉ីនធឺណែត 4G ប្រើបានស្ទើរគ្រប់កន្លែងក្នុងប្រទេសកម្ពុជា។

កាលពីជាង២៥ឆ្នាំមុន ខ្ញុំមានវាសនាជិះយន្តហោះទៅក្រៅប្រទេស ពិតណាស់ខ្ញុំមានការខ្មាស់អៀនដោយឃើញប្រទេសគេអភិវឌ្ឍន៍ មានអគារខ្ពស់ៗ ស៊ីវិល័យ ទំនើប ពេលចូលប្រជុំម្តងៗគេមិនដែរឮ ឬស្គាល់ថាកម្ពុជានៅត្រង់ណាក្នុងពិភពលោក ខ្មែរជានរណា?

ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំមានមោទនភាពដោយបានឃើញការរីកលូតលាស់ និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាជនមានជីវភាពល្អសមរម្យ មានអគារធំៗទំនើបៗ សាលារៀងល្អៗ បរទេសទាំងអាស៊ី អ៉ឺរ៉ុប គ្រប់ជាតិសាសន៍មកលេងស្រុងខ្មែរ ដើរគ្រប់ទីកន្លែងគ្មានការភ័យខ្លាច ហើយអាចទំនាក់ទំនង ទៅគ្រួសារពួកគេវិញបានគ្រប់វិនាទី។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកទាំងគូររបស់ខ្ញុំពីការកសាងផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ផ្សារទំនើប មន្ទីរពេទ្យ របស់ប្រើប្រាស់ ទំនើបៗ ហើយសេដ្ឋកិច្ចក៏មានកំណើនខ្ពស់ សន្តិភាព សុវត្ថិភាពពេញទី សូម្បីតែកន្លែងដែលធ្លាប់មានសង្គ្រាម និងជាទីតាំងមេដឹកនាំខ្មែរក្រហម ធ្លាប់រស់នៅ រហូតដល់ខ្ញុំ និងក្រុមគ្រួសារអាចទៅលេងបានទៀតផង ហើយនិយាយពីសេរីភាពវិញគឺលើសលប់។

បច្ចុប្បន្នខ្ញុំបានឃើញយុវវ័យអាយុប្រហែលខ្ញុំ ឬប្អូនខ្ញុំចូលញ៉ាំកាហ្វេដែលមានម៉ាកល្បីៗ ឯសម្លៀកបំពាក់ និងសម្ភាររបស់ពួកគាត់ក៏ប្រើសុទ្ធតែរបស់មាន Branch ចូលហាងពិសារអាហារនៅកន្លែងដែលមានម៉ាស៊ីនត្រជាក់។ អ្នកខ្លះទៀតមានលទ្ធភាពរហូតដល់ជួលគេឱ្យបោក សម្លៀកបំពាក់ឱ្យអ៊ុតឱ្យ។ អ្នកខ្លះទៀត ដើរហាលថ្ងៃមិនបានទេ ខ្លាចខូចស្បែក មានឡេសម្រាប់ការពារស្បែកទៀតផង។ ផ្សារទំនើបជាច្រើនបានដំណើរការជាច្រើនឆ្នាំ ហើយកាន់តែរីកស្គុះស្គាយ។ អ្នកខ្លះទៀត មិនចង់ហាត់ប្រាណមានលទ្ធភាពទៅស្ទីម ឬសោណាដើម្បីបញ្ចេញជាតិពុលក្នុងខ្លួន។ល។ ដែលទាំងនេះបានបង្ហាញឱ្យឃើញថា ពួកគាត់មាន លទ្ធភាព មានប្រាក់ចំណូលគួរសម ឯស្ថានភាពសេដ្ឋកិច្ចក៏ល្អ។

ខ្ញុំបានឃើញប្រជាជនខ្មែរគ្រប់រូបបានទៅធ្វើបុណ្យធ្វើទាន នៅវត្តអារាម វិហារសាសនាទៅតាមជំនឿសាសនារបស់គេរៀងៗខ្លួន ឯគ្រួសារខ្ញុំក៏មានឱកាស ដើម្បីធ្វើបុណ្យសាងកុសល និងឧទ្ទិសកុសលជូនបុព្វការី ជីដូនជីតាដែលបានបែកបាក់ចាកឋានទៅ ដើម្បីឱ្យដួងវិញ្ញាណក្ខន្ធរបស់គាត់ដែលស្លាប់ក្នុងសម័យ សង្គ្រាមក្តី ជរាពាធក្តីបានទៅកាន់សុខគតិភព។

បើត្រូវឱ្យបរិយាយវិញ គឺរៀបរាប់មិនអស់ទេ ពីការរីកចម្រើនដែលទទួលផលបានក្រោយថ្ងៃរំដោះរហូតមកដល់ពេលខ្ញុំចុច Facebook នាពេលនេះ៕

ដោយ៖ ឯម ច័ន្ទមករា​