(ភ្នំពេញ)៖ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពូលតារាបាល់ទាត់ David Beckham ពេលនេះកំពុងជួយផ្សព្វផ្សាយ ពីភាពអច្ឆរិយៈរបស់អង្គរវត្តខ្មែរ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ហើយថាការជួយផ្សព្វផ្សាយនេះ នឹងធ្វើឱ្យកម្ពុជាចំណេញប្រាក់រាប់លានដុល្លារ ពីភ្ញៀវទេសចរមកពីសហគមន៍អឺរ៉ុប ។

ការលើកឡើងរបស់ លោក ថោង ខុន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះ បន្ទាប់ពីលោក ជួបសំណេះសំណាលជាមួយ លោក Francesco Saverio Nisio អគ្គរដ្ឋទូតប្រទេសអ៉ីតាលីប្រចាំនៅកម្ពុជា បន្ទាប់ពីឃើញពាក្យពេចន៍ របស់ David Beckham និយាយពីប្រាសាទអង្គរវត្តខ្មែរ នៅលើបណ្តាញទំនាក់ទំនងសង្គម​។

លោក ថោង ខុន បានលើកឡើងថា David Beckham ​មានអ្នកគាំទ្រច្រើនលើពិភពលោក ហើយការនិយាយលើកសរសើរពីប្រាសាទអង្គវត្តដូច្នេះ នឹងជួយជំរុញឱ្យភ្ញៀវទេសចរនានា មកទេសចរនៅកម្ពុជា កាន់តែច្រើនថែមទៀត ។

David Beckham បានមកដល់ក្រុងសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងនាមឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការយូនីសេហ្វ ដើម្បីលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា ។ ក្នុងពេលបំពេញបេសកកម្មនេះ Beckham បានទៅទស្សនាប្រាសាទអង្គវត្តខ្មែរ ។ Beckham បានសរសេរនៅលើ ទំព័រ Twitter របស់លោកថា «ពិតជាថ្ងៃដ៏អស្ចារ្យ នៅកម្ពុជា ដោយបានមកដល់តំបន់ប្រាង្គប្រាសាទអង្គវត្ត ដែលជាទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយ លើពិភពលោក» ។

សូមជំរាបថា នាថ្មីៗនេះ ប្រាសាទអង្គរវត្តខ្មែរ​ នាថ្មីៗនេះ ត្រូវបានគេហទំព័រ Tripadvisor ជាភ្នាក់ងារប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរណ៍នៅលើពិភពលោក ផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមតំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់អារម្មណ៍បំផុតទាំង២៥ នៅលើពិភពលោក ក្នុងឆ្នាំ២​០១៥នេះ។ ខណៈដែលឆ្នាំទៅ អង្គរវ​ត្តទទួលបានចំណាត់ថ្នាក់លេខ ២ប៉ុណ្ណោះ ៕