(បន្ទាយមានជ័យ)៖ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ បានហែកបន្ទប់ឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយបានរត់គេចខ្លួន កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នោះ នៅរសៀលថ្ងៃទី១១​ ខែសីហានេះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនត្រឡប់មកវិញ។

លោក អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនដែលរត់គេចខ្លួនរូបនេះឈ្មោះ ពេជ្រ ប៊ុនធឿន អាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានចាប់ខ្លួន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅ។

លោកបន្ដថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហាជននេះ បានកាត់ចំរឹងបង្អូចនៃបន្ទប់ឃុំឃាំងរបស់ស្នងការខេត្ត រួចរត់គេចខ្លួន ទើបតែរសៀលថ្ងៃនេះ ត្រូវបានកម្លាំងនគរបាល តាមចាប់នៅសង្កាត់ប៉ោយប៉ែត ហើយបញ្ជូនទៅស្នងការវិញ ដើម្បីបញ្ជូនបន្តទៅតុលាការនៅថ្ងៃស្អែក។

ជាមួយគ្នានេះប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងដែរ ជននេះមិនមែនរត់គេចខ្លួនពីពន្ធនាគារខេត្តនោះទេ​ គឺរត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕