(ភ្នំពេញ)៖ សព្វថ្ងៃនេះ ការប្រើប្រាស់យានយន្ដ ក្នុងប្រទេសកម្ពុជា កំពុងតែមានការកើនឡើង គួរឲ្យកត់សម្កាល់ ហើយយើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើន បាននាំចូលរថយន្ដ មកកាន់ទីផ្សារប្រទេសកម្ពុជាយើងផងដែរ ដែលមួយចំនួនបានទទួលសិទ្ធិផ្ដាច់មុខពីរោងចក្រ ប៉ុន្ដែមួយចំនួនទៀតពុំបានទទួលសិទ្ធិពីរោងចក្រឡើយ។ តែយ៉ាងណាមិញ វានូវតែមានភាពខុសគ្នា រវាងការទិញរថយន្ដពី ក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ និងការទិញរថយន្ដពីទីផ្សារខាងក្រៅ។

បើតាមលោក អ៊ូល ហ្សេបេកឺ (Ulf Sebecke) នាយកគ្រប់គ្រងទូទៅ របស់រថយន្ដ Jaguar Land Rover បានឲ្យដឹងថា ការជាវរថយន្ដពីក្រុមហ៊ុន ដែលបានទទួលសិទ្ធិត្រឹមត្រូវ និងការជាវរថយន្ដពីទីផ្សារខាងក្រៅ គឺពិតជាមិនដូចគ្នានោះទេ។

លោកបញ្ជាក់ទៀតថា មូលហេតុមាន២ គឺទី១៖ រថយន្ដនីមួយៗ គឺត្រូវតែតម្រូវទៅតាមលក្ខខណ្ឌ របស់ប្រទេសនីមួយៗ ដូចជាគុណភាពប្រេង អាកាសធាតុ និងស្ថានភាពផ្លូវ ជាដើម ដូច្នេះ ក្រុមហ៊ុនដែលទទួលសិទ្ធិត្រឹម ត្រូវពីរោងចក្រ មិនត្រឹមតែលក់រថយន្ដ ទៅតាមការស្រលាញ់ពេញចិត្ត របស់អតិថិជននោះទេ តែក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ បានធានាទាំងស្រុងក្នុងការផ្ដល់ជូនរថយន្ដ ដែលស្របទៅតាមលក្ខខណ្ឌរបស់ប្រទេសនោះផងដែរ ដូចជាគុណភាពប្រេងឥន្ធនៈ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធកំដៅម៉ាស៊ីន គ្មានបញ្ហា Diesel Particulate Filter (DPF) និងគ្មានបព្ហា AD-BLUE (Additive) ជាដើម ដើម្បីធានាដល់សុវត្តិភាព និងអាយុកាលនៃការប្រើបា្រស់របស់រថយន្ដនោះ។

លោកបន្តថា មួយវិញទៀត ការផ្ដល់ជូនការត្រួតពិនិត្យស្ថាន ភាពរថយន្ដឥតគិតថ្លៃ តាមបច្ចេកវិទ្យាចុងក្រោយបង្អស់ «eVHC» និងការជួសជុល ដោយប្រើឧបករណ៍ជំនាញសម្រាប់ វិភាគ ថែទាំ និងជួសជុលរថយន្ដចុងក្រោយគេបង្អាស់ពីរោងចក្រផ្ទាល់ ជាមួយនឹងមេជាងដែលទទួលបាន ការបណ្ដុះបណ្ដាល និងទទួលស្គាល់ពីរោងចក្រតែម្ដង ព្រោះថារថយន្ដសព្វថ្ងៃនេះ ត្រូវបានបំពាក់ដោយឧបករណ៍វៃឆ្លាត សម្រាប់បង្ហាញពីដំណើរការរបស់គ្រឿងនីមួយៗក្នុងរថយន្ដ ដូច្នេះហើយ ដើម្បីជួសជុលរថយន្ដទំនើបទាំងនោះបាន គឺមិនត្រូវការតែជាងជំនាញតែមួយទេ គឺត្រូវតែមានឧបករណ៍ជំនាញសម្រាប់វិភាគ និងស្វែងរកចំនុចដែលខូចនោះ ទើបមិនធ្វើឲ្យយើងចំណាយពេលវេលា និងលុយច្រើន ដើម្បីជួសជុល។

លោកក៏បន្ថែមថា មានការជាវរថយន្ដ ពីក្រុមហ៊ុនទទួលសិទិ្ធផ្ដាច់មុខ ទើបធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ និងមិនខ្លាចមានបញ្ហានៅថ្ងៃក្រោយ បន្ទាប់ពីទិញរថយន្ដរួចផងដែរ៕