(ភ្នំពេញ)៖ និមិត្តរូបម៉ាឡេស៊ី រួបរួមតែ១ (1Malaysia Negaraku) ដែលឌីសាញដោយ ស្ថាបនិក របស់សាលា Lim Kok Wing លោក Tan Sri Lim Kok Wing ត្រូវបានដាក់បង្ហាញជាផ្លូវការហើយ ដែលជានិមិត្តរូបមួយ ផ្តល់ជាសារ ដើម្បីពង្រឹង និងក៏ជាវេទិកា ដើម្បីបណ្តុះគំនិតជាតិ ឲ្យមានសមាហរណកម្ម។
ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ របស់និមិត្តសញ្ញា ម៉ាឡេស៊ីរួបរួមតែ១ (1Malaysia Negaraku) បានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ហើយគំនិតផ្តួចផ្តើម ម៉ាឡេស៊ីរួបរួមតែ១ ត្រូវបានទទួលស្គាល់ ដោយប្រជាជនម៉ាឡេស៊ីទាំងអស់ ។
និមិត្តរូបថ្មីនេះ ដែលមានលក្ខណៈពិសេសត្រង់មាន Jalur Gemilang និងពាក្យ Negaraku លោករដ្ឋមន្រ្តីផ្នែកទំនាក់ទំនង និងពហុព័ត៌មាន Datuk Seri Dr Salleh Said Keruak បានជូននិមិត្តរូបនេះ ទៅនាយករដ្ឋមន្រ្តី Datuk Seri Najib Tun Razak នៅខុទ្ធកាល័យរបស់នាយករដ្ឋមន្រ្តី។
ការប្រគល់ជូននិមិត្តរូបនេះ ក៏មានការចូលរួមជាសក្ខីភាពដោយ Tan Sri Lim Kok Wing ដែលលោកជាអ្នកសម្របសម្រួលកម្មវិធីពិសេស របស់នាយករដ្ឋមន្រ្តីផងដែរ។ ហើយក៏មានវត្តមាន របស់អគ្គលេខាធិការ របស់ក្រសួងទំនាក់ទំនង និងពហុព័ត៌មាន លោកស្រី Datuk Seri Dr Sharifah Zarah Syed Ahmad។
ទន្ទឹមនឹងនោះ លោកស្រី Datuk Seri Dr Sharifah Zarah Syed Ahmad ក៏បានថ្លែងថា ខណៈដែលកំពុងបង្ហាញរូប នៃសាមគ្គីភាព និងនិមិត្តរូបរបស់ប្រទេស និមិត្តរូបនេះ ក៏ជាកម្លាំងជំរុញសីលធម៌ ដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ ឲ្យបង្កើនភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ដើម្បីធានាសន្តិភាព និងភាពសុខដុមរមនា តាមរយៈ និមិត្តរូបម៉ាឡេស៊ីរួបរួមតែ១ (1Malaysia Negaraku)៕