(ភ្នំពេញ)៖ ប្រធានគ្រប់គ្រងហាងលក់ទំនិញទំនើបមួយ មានឈ្មោះថា «Super Duper» បានធ្វើការទទូច ក៏ដូច​ជាអំពាវនាវ ​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ផលិតទំនិញដែលមាន​វត្ថុធាតុដើម នៅក្នុងប្រទេសរបស់ខ្លួន ឲ្យមានគុណភាពល្អ ស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារនៅក្នុងប្រទេស ខណៈដែលទំនិញ​នាំចូល ពីប្រទេសជិតខាង មានលក្ខណៈច្រើនសន្ធឹកសន្ធាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង​ក្នុងពិធីបើកសម្ពោធ សាខាថ្មីមួយទៀត​ របស់ហាងលក់ទំនិញទំនើប «Super Duper» នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ដោយក្នុងនោះមានការអញ្ជើញចូលរួម ពី​សំណាក់អ្នកសារព័ត៌មាន ជាច្រើននាក់។

លោក ហ៊ាន សម្បត្តិ ប្រធានផ្នែកគ្រប់គ្រងហាង «Super Duper» បានថ្លែងថា ស្របពេលដែលទំនិញគ្រប់បែបយ៉ាង កំពុងតែនាំចូលមកកាន់ប្រទេសកម្ពុជា ពីសំណាក់ប្រទេសជិតខាង ក្នុងនោះក៏មានទំនិញខ្លះ មានផ្ទុះសារធាតុគីមី ប៉ះពាល់ដល់សុខភាពផងនោះ លោកសូមទទូចដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ​ជួយង្កើនការផលិត នូវទំនិញ គ្រឿងឧបភោគ-បរិភោគ និងផលិតផលជាច្រើនមុខទៀត ឲ្យមានលក្ខណៈល្អប្រសើរ មានគុណភាព គ្មានជាតិគីមី ដើម្បីប្រកួតប្រជែងជាមួយផលិតផល ក្រៅប្រទេស និងបំពេញសេចក្ដីត្រូវការ ដល់អ្នកប្រើប្រាស់ក្នុងស្រុក ឲ្យបានគ្រប់គ្រាន់។

លោកបន្តថា ហាង Super Duper គាំទ្ររាល់ទំនិញ ដែលជាផលិតផលរបស់ខ្មែរយើង​ ខណៈទំនិញដ៏សំបូរបែប​របស់យើង​រួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះ សម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃ របស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខ ដែលលោកអ្នក ពិបាកស្វែងរក នៅតាមហាង​ដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់ Super Duper គឺធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្ត​។ ហាងរបស់យើង​ប្តេជ្ញានឹងធ្វើឲ្យការ ទិញទំនិញប្រចាំថ្ងៃរបស់លោក អ្នកប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្ម​របស់យើង​។ គោលដៅរបស់យើង​ ​គឺការផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មនិងទំនិញ​ដ៏ល្អបំផុត។

លោកបន្ថែមថា ពេលបច្ចុប្បន្ននេះ Super Duper បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកជាមួយអតិថិជន និងដៃគូនៅក្នុងការលក់​។ ជារៀងរាល់ថ្ងៃ​ ហាងនេះទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថា នឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឲ្យទុកចិត្ត និងប្រកបដោយស្ថេរភាព ហើយនឹងខិតខំពង្រឹង​កេរ្ដិ៍ឈ្មោះ ​ទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕