(ត្បូងឃ្មុំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង រថយន្ដបុកជាមួយម៉ូតូ ដែលបណ្ដាលឲ្យបុរសជនជាតិហ្វីលីពីន កំពុងបើកម៉ូតូនោះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩៖៣៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩-១៤០ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2B-9732 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរឡើយ ព្រោះក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ដោយឡែកម៉ូតូម៉ាកស៊ីលវឺ វ៉ីង (SILVER WING) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GM-0617 បើកបរដោយឈ្មោះ គ្រីស្ទ បូឡាតូ អាយុ៤៨ឆ្នាំ ជាជនជាតិហ្វីលីពីន (PHILIPPIN) (របួសធ្ងន់ បែកប្រអប់ជើងឆ្វេង) បានស្លាប់តាមផ្លូវក្នុងខណៈបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ។
បើតាមសមត្ថកិច្ច រថយន្តបើកបរពីកើតទៅលិច ក្នុងគោលដៅពីសួង ទៅកំពង់ចាម លុះដល់ចំណុចកើតហេតុ បានជែងរថយន្តធំ០១គ្រឿង ស្រាប់តែទៅបុកជាមួយ ម៉ូតូដែលកំពុងបើកបរពីកំពង់ចាម មកសួង តែម្ដង។
ក្រោយធ្វើការវាស់វែងរួច វត្ថុតាងទាំង២ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕