(សៀមរាប)៖ ឆ្លងចរន្តអគ្គិសនីឧបករណ៍សាកថ្មទូរសព្ទ័ ដែលនៅក្បែរគ្រែ បណ្តាលឲ្យភ្លើងឆាបឆេះ ក្នុងបន្ទប់លេខ៤១០ ជាន់ទី៣ នៃសណ្ឋាគារ Angkor Panoramic Hotel នៅសង្កាត់សាលាកំរើក បង្កការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តែត្រូវបាននគរបាលខេត្តសៀមរាប ជួយអន្តរាគមន៍ពន្លត់ទាន់ពេល។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ សហការជាមួយនគរបាលក្រុងសៀមរាប និងនគរបាលការិយាល័យ ចរាចរណ៍សៀមរាប ចេញជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់០២គ្រឿង ទើបរលត់ដោយប្រើពេលប្រមាណ៣០នាទី។
មន្ដ្រីដដែលបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យកើតមានគ្រោះអគ្គិភ័យនេះ មកពីឆ្លងចរន្តអគ្គីសនី ផ្តើមចេញពីឧបករណ៍សាកទូរសព្ទ័ ដែលនៅក្បែរគ្រែ ទើបបង្កើតជាភ្លើងឆាបឆេះតែម្ដង។ ដោយឡែកចំពោះការខូចខាតវិញ មានទូរទស្សន៍១គ្រឿង, គ្រែ និងពូក១ឈុត, ម៉ាស៊ីនត្រជាក់មួយគ្រឿង និងឆ្នាំងសាកទូរស័ព្ទមួយគ្រឿង។
យ៉ាងណាមិញ គ្រោះថ្នាក់សង្គមមួយនេះ ក៏មិនបណ្ដាលឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះដែរ ព្រោះដោយសារតែភ្ញៀវចេញទៅដើរលេងកម្សាន្ដអស់៕