(ភ្នំពេញ)៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា បានឱ្យដឹងថា ក្រុមការងារគណៈកម្មការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-វៀតណាម នឹងចុះទៅពិនិត្យ និងស៊ើបអង្កេតលើករណីហិង្សា រវាងពលរដ្ឋ-តំណាងរាស្រ្តខ្មែរ ជាមួយវៀតណាម នៅតំបន់បង្គោលព្រំដែន២០៣ នៅភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅសប្តាហ៍ក្រោយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។
លោកស្រីបានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១០ ខែកក្កដានេះថា «យើងនឹងចុះទៅតំបន់ ដែលមានការប៉ះទង្គិចគ្នាថ្ងៃមុនហ្នឹង រឿងនេះដឹកនាំដោយ ឯកឧត្តម ឡុង វិសាឡូ ដោយសារគាត់ជាអនុប្រធានកិច្ចការព្រំដែន និងក្រុមបច្ចេកទេសយើង ដែលគាត់កាន់ការងារនៅខេត្តហ្នឹង ដើម្បីធ្វើការងារហ្នឹង.. គេទៅជាលក្ខណៈទ្វេភាគី មិនមែនទៅតែភាគីម្ខាងទេ»។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តស្វាយរៀង បានគាំទ្រចំពោះការចុះត្រួតពិនិត្យ និងបង្កើតគណៈកម្មការ ដើម្បីស៊ើបអង្កេត រកខុសត្រូវ ក្នុងករណីហិង្សានៅតំបន់មានជម្លោះនេះ ប៉ុន្តែលោកថា គណៈកម្មការ ដែលបង្កើតដោយរដ្ឋាភិបាល ដើម្បីស៊ើបអង្កេតលើករណីហិង្សា នៅបង្គោលព្រំដែន នៅឃុំត្នោត ស្រុកកំពង់រោទិ៍នេះ គួរតែមានការចូលរួមដោយក្រុមតំណាងរាស្រ្ត អ្នកច្បាប់ និងអង្គការសង្គមស៊ីវិល។
លោក ខេមរិន្រ្ទ ថា៖ «ព្រឹត្តិការណ៍ដែលកើតឡើងនេះ មានខាងតំណាងរាស្រ្ត និងខាងប្រជាពលរដ្ឋ អញ្ចឹងយើងបង្កើតគណៈកម្មការនេះ ឱ្យមានការចូលរួមពីមន្រ្តីផ្នែកច្បាប់ អង្គការសង្គមស៊ីវិល ជាពិសេសខាងគណៈកម្មការនេះ ឱ្យមានគណបក្សសង្រ្គោះជាតិ មានតំណាងរាស្រ្តដូចជារូបខ្ញុំ បានចូលរួមផង ព្រោះបើកាលណាមានតែភាគីវៀតណាម និងរដ្ឋាភិបាលកម្ពុជា ទៅមើលរឿងនេះគឺមិនគ្រប់គ្រាន់ទេ»។
សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ប្រជាពលរដ្ឋ-ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិមួយក្រុម ដឹកនាំដោយ លោក រៀល ខេមរិន្ទ្រ បានប៉ះទង្កិចគ្នាជាមួយនឹង អាជ្ញាធរ-ពលរដ្ឋវៀតណាម នៅតំបន់បោះបង្គោលព្រំដែនលេខ២០៣ ស្ថិតនៅភូមិឆ្លោក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ អំពើហិង្សានេះបណ្តាលឱ្យ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្ត CNRP រួមទាំងពលរដ្ឋខ្មែរ ៩នាក់ ផ្សេងទៀតរងរបួស ។ ចំណែកខាងភាគីវៀតណាម ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងរាយការណ៍ថា របស់ធ្ងន់ស្រាល ៨នាក់។
ដោយឡែក កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ថ្មីៗនេះ លោក ប៉ែន ប៊ុនធឿន ប្រធានអង្គការ C-Right ក៏ត្រូវបាន ប្រជាពលរដ្ឋវៀតណាមចាប់ខ្លួន ខណៈដែលនាំសិស្សជាង ៤០នាក់ ចុះទស្សនកិច្ចមើលបង្គោលព្រំដែន លេខ២០២ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនេះដែរ៕