(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថា ជុំវិញបញ្ហាដែលលើកឡើងថា មន្ត្រីអគ្គិសនីកម្ពុជាតម្លើងកុងទ័រភ្លើង ដើម្បីកេងចំណេញប្រាក់ពីប្រជាពលរដ្ឋជារឿងមិនពិត ហើយអ្នកប្រឌិតរឿងនេះ ឡើងដើម្បីប្រឆាំងក្នុងគោលបំណង បង្កចលាចលដល់រាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ុយ សែម បានថ្លែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាថា អ្នកដែលមាននិន្នាការប្រឆាំងផ្កាប់មុខ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់មន្ត្រីអគ្គិសនីកម្ពុជាថា បានតម្លើងកុងទ័រភ្លើងក្នុងគោលបំណង កេងចំណេញថវិកាប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ខ្ញុំគិតថាប្រហែលជាមានចលនាអីមួយ ដែលគេលើកឡើងដើម្បីបំផ្លាញការងាររបស់យើង លើកឡើងអំពីបញ្ហាកុងទ័រចេះតែដើរលឿន ឃើញតែភ្លើងប្រើដដែល សម្ភារក្នុងផ្ទះដដែល ប៉ុន្តែដើរលឿន ថ្លៃភ្លើងពេលហ្នឹងមួយជាពីរ ជាបីដែលមិនអាចទទួលយកបាន»។ លោកបានបន្តថា វិធីដែលគេធ្វើឡើងដើម្បីបំផ្លាញទំនុកចិត្ត របស់ប្រជាជនលើអគ្គិសនីកម្ពុជា គឺអត់មានអីពិបាកទេ គ្រាន់តែចាប់ទូរស័ព្ទ ចុចចូលមកវិទ្យុនេះ វិទ្យុនោះ និយាយបង្ខូចកិតិ្តយស ឬបង្ហោះតាមហ្វេសប៊ុក នេះសុទ្ធតែជាទង្វើដែលគ្មានទំនួលខុសត្រូវ ។
ជុំវិញបញ្ហានេះ ខាងអគ្គិសនីកម្ពុជា ក៏បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ដែលមានខ្លឹមសារថា ការកើនឡើងចំនួនប្រើប្រាស់ថាមពលអគ្គិសនីនេះ គឺកើតមានឡើងតាំងពី ខែឧសភា និងមិថុនា ដោយសារខែនេះ ជារដូវក្តៅ។
ក្នុងលិខិតឆ្លើយបំភ្លឺទៅនឹងចម្ងល់ ក៏ដូចជាការរិះគន់របស់ អ្នកប្រើប្រាស់បណ្តាញអគ្គិសនីក្នុងរាជធានីភ្នំពេញ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាក្រុមហ៊ុនរបស់រដ្ឋ ១០០ភាគរយ ហើយពុំមានគោលការណ៍ណាមួយ កេងប្រវ័ញ្ចពីអតិថិជនទៅជូនរដ្ឋនោះឡើយ។
ដោយឡែកទាក់ទងនឹងការសាងសង់អគារថ្មីនេះ លោក កែវ រតនៈ បានឲ្យដឹង ថា «អគារស្នាក់ការកណ្ដាលថ្មីនេះ ត្រូវបានសាងសង់ឡើងអស់ទឹកប្រាក់ ៤.៧៥០.០០០ដុល្លារអាមេរិក»៕