(ភ្នំពេញ)៖ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ របស់គណបក្សសង្រ្គោះជាតិ លោក ចាន់ ចយ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ចាន់ ចយ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍គ្រប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ដោយរក្សាតំណែងជូនពួកគេឲ្យនៅដដែល។
ក្នុងលិខិតគោរពជូន លោក ប៊ិន ឈិន ប្រធានក្រុមពង្រឹងមូលដ្ឋានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ លោក ចាន់ ចយ បានគូសបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូរជីវភាពនយោបាយរបស់លោក ដោយសារតែលោកបានឃើញពីទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងឃើញពីការចុះខ្សោយរបស់គណបក្សមួយនេះ។
លោក ចាន់ ចយ បានបញ្ជាក់យ៉ាងដូច្នេះ «ដោយខ្ញុំបានមើលឃើញលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិ មានការក្បត់ជាតិ ក្នុងការមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងមើលឃើញការបែកបាក់ផ្ទៃក្នុងជួរសមាជិកគណបក្សសង្រ្គោះជាតិពីមួយថ្ងៃទៅមួយថ្ងៃពុំមានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់មានតែភាពចុះខ្សោយទៅៗ ព្រមទាំងធ្វើឲ្យមានការញុះញង់បែកបាក់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកំពុងស្នើធ្វើវិសោធនកម្ម បើសិនមិនមានការចូលរួមជីវភាពទេនោះ មេឃុំ ចៅសង្កាត់ ជំទប់ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិ នឹងប្រឈមបាត់បង់តំណែង ក្រោយពេលគណបក្សនេះត្រូវរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសង្រ្គោះជាតិពីររូបហើយសម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ៕