(ព្រះវិហារ)៖ សមាជិកក្រុមប្រឹក្សាឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ លោក អ៊ិន យ៉ោន បានប្រកាសចាកចេញពីគណបក្សប្រឆាំងរបសខ្លួន មកចួលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ។
ជាមួយគ្នានេះលោក អ៊ិន យ៉ោន ក៏បានហៅលោក កឹម សុខា និងមេដឹកនាំគណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ ដែលឱនក្បាលបម្រើបរទេស។ ការប្រកាសរបស់សមាជិកក្រុមប្រឹក្សារូបនេះ បានធ្វើឡើង បន្ទាប់ពីរូបគាត់បានមើលវិដេអូឃ្លីប របស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលបម្រើបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា សមាជិកគណបក្សសង្គ្រោះថែមទៀត នឹងបន្តចាញចេញពីបក្សប្រឆាំង ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលទាំងនេះពួកគេនៅមូលដ្ឋានបានមើលឃើញជាក់ស្តែងពីការដឹកនាំផ្ទាល់ ពីអភិបាលខេត្ត អ៊ុន ចាន់ដា ក្រោមការណែនាំបន្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបពួកគេមានការភ្ញាក់រលឹកបែបនេះ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ចាម ជំទប់ទី១ឃុំខ្ចៅ ស្រុកកងមាស និងជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីគណបក្សប្រឆាំងមួយនេះ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ដោយឡែកនៅថ្ងៃនេះ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។
កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕