(បន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ លោក សាន់ អែលម៉ាត់ អាយុ ៥៥ឆ្នាំ បានចេញមុខមកអះអាងថា រូបលោកពិតជាបានផ្លាស់ប្តូរជីវភាពនយោបាយដោយចេញពីគណបក្សសង្រ្គោះជាតិ (CNRP) ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ពិតប្រាកដមែន ដើម្បីចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋ។
នៅក្នុងវីដេអូឃ្លីបខ្លីមួយដែលថតនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ លោក សាន់ អែលម៉ាត់ បានអះអាងថា លោកធ្វើការងារបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់គណបក្សនយោបាយនោះឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ លោក សាន់ អែលម៉ាត់ បានធ្វើលិខិតសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរូបលោកអស់ជំនឿទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយជាតិមាតុភូមិ។
ក្នុងលិខិតរបស់លោក សាន់ អែលម៉ាត់ បានសង្កត់ធ្ងន់ថា៖ «ពីមុនខ្ញុំនឹកស្មានថា ការតស៊ូដណ្ដើមអំណាច តាមរយៈការបោះឆ្នោត និងតាមបែបប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែក្រោយពីខ្ញុំបានឃើញឃ្លីប Video និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែកបំបាក់ខ្មែរជាពីរ។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចស្វាគមន៍ទាំងអស់ចំពោះការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់ និងបន្តរក្សាតំណែង តួនាទីជូនដល់មេឃុំ ចៅសង្កាត់ ឬជំទប់ដែលបានចុះចូល។
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ បានប្រកាសឲ្យដឹងថា នៅពេលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕