(កំពង់ចាម)៖ សម្រាប់ខេត្តកំពង់ចាមតែមួយប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ មានសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ហើយ ដែលបានប្រកាសដើរចេញ ពីគណបក្សរបស់ខ្លួន ដោយសុំមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សមាជិកទាំងនេះ បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបានឃើញតាមវិដេអូ ឃ្លីប របស់លោក កឹម សុខា នូវទង្វើក្បត់ជាតិ បម្រើបរទេស ហើយចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ ពួកគេក៏បានបញ្ជាក់ផងដែរ ការសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺមិនមានការបង្ខិតបង្ខំ និងអូសទាញនោះឡើយ ដោយពួកគេសុំចូលរួម ដោយស្ម័គ្រចិត្តយ៉ាងពិតប្រាកដ។
សមាជិកទាំង៣នាក់ មកពីគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំរួមមាន៖
ទី១៖ លោក ហ៊ុ គ្រុយ ជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ទី២៖ លោក ភឹម ឡាត់ អាយុ៤៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ទី៣៖ លោក អុល ពៅ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ តាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាសមាជិកក្រុមប្រឹក្សាឃុំស្រក នៃគណបក្សសង្រ្គោះជាតិ (CNRP)។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាដំណែងរបស់ពួកគេឲ្យនៅដដែល។
សូមទស្សនាវីដេអូរបស់សមាជិកគណបក្សសង្គ្រោះជាតិ នៅឃុំស្រក ស្រុកកំពង់សៀម នៅខេត្តកំពង់ចាម ដែលបញ្ជាក់ពីហេតុផល នៃការដើរចេញពីបក្សរបស់ខ្លួន៖