(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាឃុំធ្លកវៀន និងសមាជិកក្រុមប្រឹក្សាឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

​ថ្នាក់ដឹកនាំសំខាន់ជើងក្រោមរបស់បក្សប្រឆាំងទាំង២នាក់នេះរួមមាន៖ លោក សុទ្ធ សូវ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំធ្លកវៀន ខេត្តកំពង់ឆ្នាំង និងលោក ពុធ រីប៉ូ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

យោងតាមលិខិតប្រកាសចាកចេញពី គណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច សមាជិកក្រុមប្រឹក្សាឃុំទាំង២នាក់ បានបញ្ជាក់ថា «បន្ទាប់ពីបានដឹងថាគណបក្សសង្គ្រោះជាតិធ្វើនយោបាយប្រជាភិថុកុហកបោកប្រាស់ប្រជាពលរដ្ឋ ហើយលោក កឹម សុខា ជាជនក្បត់ជាតិបង្កចលាចលរួមគំនិតជាមួយបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់​ គឺមានតែគណបក្សប្រជាជនកម្ពុជា ទេដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ»។ ដូច្នេះខ្ញុំបាទសូមចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយ តំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស​សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥១នាក់ (គិតទាំង២នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕